(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការគ្រប់គ្រងធនធានមនុស្ស ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាន និងបានណែនាំឱ្យមានការប្រជុំត្រួតពិនិត្យជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យចំគោលដៅ។

ចំណុចស្នូលនៃកំណែទម្រង់ដែលក្រសួងអប់រំកំពុងដៅ៖

  • ពង្រឹងអភិបាលកិច្ច និងរចនាសម្ព័ន្ធ៖ រៀបចំមុខងារការងារឱ្យច្បាស់លាស់ ចៀសវាងការជាន់តួនាទីគ្នា និងឆ្លើយតបទៅនឹងវិស័យអប់រំទំនើប។
  • លើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន៖ បង្កើតក្របខណ្ឌគតិយុត្តថ្មីៗ ដើម្បីផ្តល់តម្លៃ លើកទឹកចិត្ត និងផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពដល់បុគ្គលិកអប់រំ ផ្អែកលើស្នាដៃពិតប្រាកដ។
  • ធានាសមធម៌ក្នុងការបែងចែកធនធាន៖ យកចិត្តទុកដាក់ខ្ពស់លើការបែងចែកគ្រូបង្រៀន និងថវិកាទៅកាន់សាលារៀននៅតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក។
  • ធ្វើទំនើបកម្មគ្រប់គ្រងទិន្នន័យ (Digitalization)៖ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងវត្តមាន និងធ្វើជំរឿនមន្ត្រីជាក់ស្តែង ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពនៃតួលេខ។
  • ជំរុញសមិទ្ធកម្មផ្អែកលើលទ្ធផល៖ ដាក់ចេញនូវយន្តការលើកទឹកចិត្តផ្អែកលើលទ្ធផលការងារពិត (Performance-based) ដើម្បីបង្កើនស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការរៀបចំប្រព័ន្ធទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការពិនិត្យ និងវាយតម្លៃ ព្រមទាំងដាក់ចេញនូវវិធានការគាំទ្រដល់តំបន់ជួបការលំបាកឱ្យបានគ្រប់ជ្រុងជ្រោយបំផុត។

ការបន្តជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ ក្នុងការកសាងប្រព័ន្ធអប់រំមួយដែលរឹងមាំ ប្រកបដោយអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់សម្រាប់កម្ពុជា៕

អត្ថបទ៖ត្រយង

Share.