លោក Li Huanning គ្រូបង្វឹកបាល់ទះជនជាតិចិន នឹងត្រៀមដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ជំនួសលោកគ្រូ Li jun ដែលទើបប្រកាសចែកផ្លូវកាលពីថ្ងៃទី៩ មីនាកន្លទៅ ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជាអស់រយ:ពេល ៩ឆ្នាំ។ នេះបើយោងតាមការបញ្ជក់របស់ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធា និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ប្រាប់មកកាន់សារព័ត៌មានត្រយង។

តើលោក Li Huanning មានប្រវត្តិបែបណាខ្លះ និងមានស្នាដៃអ្វីខ្លះ? ថ្ងៃនេះ សារព័ត៌មានត្រយង នឹងបើកបង្ហាញជូនប្រិយមិត្ត!
លោក Li Huanning កើតនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៦៤ បច្ចុប្បន្នមានវ័យ ៦២ឆ្នាំ ជាជនជាតិចិន។
លោកមានស្នាដៃជាច្រើនក្នុងអាជីពជាគ្រូបង្វឹកដោយចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៩៣ លោកបានដឹកនាំក្រុមបាល់ទះយុវជនសៀងហៃ រហូតដល់ឆ្នាំ ២០០៥ ឈានដល់ឆ្នាំ២០០៦ លោកបានដឹកនាំ ក្រុមបាល់ទះបុរសយុវជនចិន រហូតដល់ឆ្នាំ២០១០។
ក្នុងអំឡុងឆ្នាំ២០០៨ លោកបានដឹកនាំក្រុមបាល់ទះបុរសចិន មុនធ្វើដំណើរមកកាន់ប្រទេសវៀតណាម ដឹកនាំក្រុមបាល់ទះបុរសយុវជនវៀតណាម នៅឆ្នាំ២០១២ បានរយ:ពេល ៤ឆ្នាំ មុនផ្លាស់ទៅដឹកនាំក្រុមបាល់ទះនារី Petroklmla ប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧។
លុះដល់ឆ្នាំ២០១៩ គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមបាល់ទះនារី Creamline Women’s Club របស់ប្រទេសហ្វីលីពីន។ ឈានដល់ឆ្នាំ២០២០ លោកបានវិលត្រឡប់មកដឹកនាំក្រុមបាល់ទះបុរសជម្រើសជាតិវៀតណាម និងចាក់ចេញនៅឆ្នាំ២០២៣។ និងចុងក្រោយនៅឆ្នាំ ២០២៣-២០២៤ លោកបានក្លាយជាគ្រូបង្វឹកក្រុមបាល់ទះបុរសហុងកុង។

សមទ្ធិផល និងស្នាដៃមួយចំនួន របស់លោក Li Huanning ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន៖ លោកបានចាប់ផ្ដើអាជីពក្នុងវស័យបាល់ទះដំបូងអ្នកអត្ថាធិប្បាយសម្រាប់ការប្រកួតបាល់ទះរបស់ទូរទស្សន៍ Shanghai TV។
ស្នាដៃជាគ្រូបង្វឹករបស់ដឹកនាំកន្លងមក រួមមាន៖
- ឈ្នះជើងឯកលីគយុវជនចិន ១២លើក
- ឈ្នះជើងឯកយុវជនចិន ៥លើក
- ឈ្នះជើងឯក China University Games ១លើក
- ឈ្នះជើងឯកសិស្សវិទ្យាល័យចិន ១លើក
- ឈ្នះជើងឯក China City Games ១លើក
- ទទួលបានជើងឯករងនៃការប្រកួតយុវជនអាស៊ី ១លើក
- ទទួលបានចំណាត់ថ្នាក់លេខ ៣ក្នុងលីគឥណ្ឌូនេស៊ី
- ឈ្នះជើងឯក នៅលីគហ្វីលីពីន ១លើក
- ទទួលបានចំណាត់ថ្នាក់ទី១០ ក្នុងការប្រកួតកីឡាយុវជនពិភពលោក ១លើក
- និងចុងក្រោយដឹកនាំក្រុមបាល់ទះបុរសជម្រើសជាតិវៀតណាម ឈ្នះមេដាយមាស កីឡាស៊ីហ្គេម បាន ១លើក៕


