លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការជុំវិញកីឡាករ មុត សត្យា ក្រោយប៉ះទង្គិចអុកកែងចំក្បាល Conor Shield របស់ព្រះខ័នរាជស្វាយរៀង ដោយពិចារណាយ៉ាងម៉ត់ចត់បានសម្រេចដាក់ពិន័យដូចខាងក្រោម។

  • ការព្យួរការប្រកួត៖ ហាមឃាត់ការចូលរួមប្រកួតដែលនៅសេសសល់ទាំងអស់ សម្រាប់រដូវកាលនេះ។
  • ការហ្វឹកហាត់៖ ហាមឃាត់ការចូលរួមហ្វឹកហាត់ជាមួយក្រុម រហូតដល់ដាច់ខែនេះ។
  • ការងារសង្គម៖ ត្រូវចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុង ក្នុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់។
  • ការពិន័យផ្នែកហិរញ្ញវត្ថុ៖ កាត់ប្រាក់បៀវត្សរ៍មួយផ្នែក រហូតដល់បញ្ចប់រដូវកាល។

កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លីគកំពូលកម្ពុជា CPL សប្តាហ៍ទី២៥។

យ៉ាងណាមិញអំឡុងការប្រកួតមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរមួយដោយកីឡាករលេខ២៦ មុត សត្យា របស់អង្គរថាយហ្គឺរ ទទួលបានកាតក្រហមភ្លាមៗ ក្រោយលោតអុកកែងទៅលើកីឡាករ Connor Shields លេខ៩៧ របស់ព្រះខ័នរាជស្វាយរៀង រងរបួសក្បាល។

ក្រោយរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រលោក Akihito Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហោះលើគណនី Facebook ថា៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួតថ្ងៃនេះ។ យើងនឹងពិចារណាយ៉ាងហ្មតចត់ និងចាត់វិធានការសមស្របនៅក្នុងក្លិប»៕

Share.