ពិធីមង្គលការ គឺជាពិធីដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយអត្ថន័យនៃការគោរពដឹងគុណ កិត្តិយសគ្រួសារ និងការរក្សាតម្លៃនៃសេចក្តីថ្លៃថ្នូរ។ ក្នុងនោះ “ពិធីកាត់សក់បង្កក់សិរី”គឺជាពិធីដែលតំណាងឱ្យការជម្រះនូវភាពមិនស្អាតស្អំទាំងឡាយ ដើម្បីត្រៀមខ្លួនចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍ប្រកបដោយមង្គល។
តាមការកត់សម្គាល់ ពិធីនេះទន្ទឹមនឹងការរៀបចំតាមបែបទំនៀមទម្លាប់តាំងពីបុរាណមក បច្ចុប្បន្ននេះ គេសង្កេតឃើញមានបញ្ចូលនូវកម្មវិធីកំប្លែងដោយមានទាំងក្រុមតារា កំប្លែងល្បីៗចូលរួមផងដែរ។ យ៉ាងណាក៏ដោយជារឿយៗគេសង្កេតឃើញថា ការសម្តែងរបស់ក្រុមភ្លេងក្នុងពិធីកាត់សក់(ពេលខ្លះតារាកំប្លែង) ហាក់លើសពីពិធីដែលនាំឲ្យមានសិរីសួស្តី ពិសេសការប្រើប្រាស់ពាក្យសម្តីនិងកាយវិការួមទាំងការរៀបចំសម្លៀកបំពាក់។
ជាក់ស្តែងថ្មីៗនេះ គេឃើញមានការចែករំលែកតាមបណ្តាញសង្គមនូវរូបភាពនៃពិធីកាត់ សក់បង្កសេរីក្នុងពិធីអាពាហ៍ពិពាហ៍មួយដែលអ្នកសម្តែងនៅក្នុងពិធិនោះបានយកខោទឹកនោមទៅស្លៀក។
ក្រោយរូបភាពនោះត្រូវបានផ្សព្វផ្សាយ គេសង្កេតឃើញមានប្រតិកម្មចម្រុះក្នុងចំណោមមហាជន។អ្នកខ្លះបានចោទជាសំណួរថា តើពិតជាពិធីសិរីសួស្តីទេ ដែលអ្នកទៅចូលរួមពិធីកាត់សក់តុបតែងខ្លួនយ៉ាងដូច្នេះ(ស្លៀកខោទឹកនោមមនុស្សចាស់)?តើនរណាជាអ្នកគាំទ្រឲ្យមានការស្លៀកពាក់បែបនេះ? ពេលឃើញសកម្មភាពសម្តែងយ៉ាងដូច្នេះ តើមានស្ថាប័នពាក់ព័ន្ធណាបានហៅក្រុមសម្តែងទាំងនោះទៅអប់រំ(ដុសក្អែល)ដែរទេ?
ចម្អល់ដូចដែលបានលើកឡើងខាងលើនេះ ស្មេរសុំមិនឆ្លើយតបថាយ៉ាងដូចម្តេច ត្រូវឬក៏មិនត្រូវនោះឡើយ។នៅលើទំព័រនេះ ស្មេរគ្រាន់តែលើកឡើងនូវការយល់ឃើញពាក់ព័ន្ធនឹងការសម្តែងនោះ តាមការយល់ឃើញ ក្នុងនាមជាកូនខ្មែរមួយរូបដូចតទៅ៖
១. ផលប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់
- ការបន្ទាបតម្លៃពិធីដ៏ពិសិដ្ឋ៖ ការសម្តែងដោយប្រើប្រាស់កាយវិការមិនសមរម្យ និងការស្លៀកពាក់ខ្វះសីលធម៌ (ការស្លៀកខោទឹកនោមមនុស្សចាស់) ក្នុងពិធីដែលគេចាត់ទុកថាជាមង្គល បានធ្វើឱ្យបាត់បង់ទាំងស្រុងនូវភាពអស្ចារ្យ និងភាពថ្លៃថ្នូរនៃវប្បធម៌ជាតិ។ វាមិនមែនជាការកំប្លែងស្ងួតនោះទេ ប៉ុន្តែវាជាការបំផ្លាញតម្លៃប្រពៃណី។
- ការបំពុលក្មេងជំនាន់ក្រោយ៖ នៅពេលដែលរូបភាពបែបនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយ វាអាចបង្កើតជាទម្លាប់ខុសឆ្គង ដែលនាំឱ្យក្មេងជំនាន់ក្រោយយល់ច្រឡំថា ការលេងសើចដែលខ្វះការយល់ដឹងពីព្រំដែនវប្បធម៌ គឺជាជារឿងធម្មតា។
- ប៉ះពាល់ដល់កិត្តិយសជាតិ៖ ក្នុងយុគសម័យឌីជីថល រូបភាពទាំងនេះមិនត្រឹមតែស្ថិតក្នុងស្រុកនោះទេ ប៉ុន្តែអាចនឹងត្រូវបានមើលឃើញដោយជនបរទេសនៅជុំវិញពិភពលោកថែមទៀតផង។ ការណ៍នេះនាំឱ្យគេវាយតម្លៃទាបមកលើការយល់ដឹង និងការថែរក្សាកេរដំណែលដូនតារបស់ប្រជាជាតិយើង។
- ការរំលោភលើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ភ្ញៀវកិត្តិយស៖ ការសម្តែងដែលបង្កភាពអៀនខ្មាស់ដល់ភ្ញៀវ និងសាមីខ្លួនក្នុងពិធី គឺជាទង្វើខ្វះវិជ្ជាជីវៈ និងខ្វះការយល់ដឹងពីសីលធម៌ក្នុងការរស់នៅ។
២. វិធានការចាំបាច់សម្រាប់ស្ថាប័នពាក់ព័ន្ធ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ដើម្បីទប់ស្កាត់ និងកែលម្អនូវភាពមិនប្រក្រតីទាំងនេះ ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ គួរពិចារណាលើវិធានការដូចខាងក្រោម៖
- ការអប់រំ និងណែនាំជាសាធារណៈ៖ ក្រសួងគួរចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងណែនាំដល់ក្រុមអ្នកសម្តែង ក៏ដូចជាម្ចាស់ពិធីមង្គលការទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះការរៀបចំសេវាកម្មកម្សាន្តដែលត្រូវនឹងលក្ខណៈ វប្បធម៌។
- ការកោះហៅមកធ្វើកិច្ចសន្យា និងអប់រំ៖ ចំពោះក្រុមអ្នកសម្តែង ឬបុគ្គលដែលពាក់ព័ន្ធក្នុងរូបភាពនេះ អាជ្ញាធរគួរកោះហៅមកធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការសម្តែងរូបភាពមិនសមរម្យបែបនេះបន្តទៀត។ បើនៅតែបន្ត គួរមានវិធានការរដ្ឋបាល ឬច្បាប់បន្ថែម។
- ការរៀបចំក្រមសីលធម៌សម្រាប់អ្នកសិល្បៈ និងអ្នកសម្តែងតាមរោងការ៖ ក្រសួងគួររៀបចំឱ្យមានជាសិក្ខាសាលា ឬក្រមសីលធម៌ច្បាស់លាស់សម្រាប់ក្រុមភ្លេងខ្មែរ និងអ្នកកំប្លែងតាមរោងការ ដើម្បីឱ្យពួកគេយល់ដឹងថា តើអ្វីខ្លះដែល “គួរ” និង “មិនគួរ” ធ្វើក្នុងពិធីមង្គលការ។
- ការត្រួតពិនិត្យមាតិកាលើបណ្តាញសង្គម៖ គួរតែមានកិច្ចសហការគ្នាឲ្យកាន់តែសកម្មបន្ថែមទៀតរវាងពាក់ព័ន្ធ(ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍) ដើម្បីតាមដាន និងលុបចោលនូវរាល់វីដេអូ ឬរូបភាពណាដែលប៉ះពាល់ធ្ងន់ធ្ងរដល់ “សីលធម៌សង្គម” និង “កិត្តិយសជាតិ“។
ជារួមមកវិញ”សិល្បៈនៃការលេងសើច” ត្រូវតែដើរទន្ទឹមនឹង “សីលធម៌នៃវប្បធម៌”។ យើងគ្រប់គ្នាមានកាតព្វកិច្ចក្នុងការការពារតម្លៃនៃមរតកដូនតា។ ការបណ្តោយឱ្យភាពអនាធិបតេយ្យនៃការសម្តែងបែបនេះកើតមានឡើង គឺជាការបំផ្លាញអត្តសញ្ញាណជាតិដោយមិនដឹងខ្លួន។គួរចងចាំសុភាសិតបុរាណមួយដែលពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕

អត្ថបទ៖ត្រយង
