យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃខ្លួនឯងបានទទួលស្គាល់ពីទំហំការខាតបង់របស់មន្ទីរពេទ្យជាច្រើន រហូតឈានដល់មានវិធានការ ការកាត់បន្ថយបុគ្គលិក និងមានមន្ទីរពេទ្យល្បីៗមួយចំនួនកំពុងតែបន្លឺឡើងជាសញ្ញារោទិ៍មួយប្រឈមនឹងការបិទទ្វារមន្ទីរពេទ្យតែម្ដង។

រាប់ចាប់តាំងពីថ្ងៃទី ២៨ ឧសភា ២០២៥ រហូតមក អស់រយៈពេលជិតមួយឆ្នាំហើយ បន្ទាប់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ដែលមិនត្រឹមតែបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយ និងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាហាក់ដូចជាកំពុងលាតត្រដាងនូវរបួសដ៏ជ្រៅមួយទៀតនៅក្នុងផ្ទៃប្រទេសថៃផ្ទាល់តែម្តង។ ប្រព័ន្ធសុខាភិបាលដែលធ្លាប់ត្រូវបានគេចាត់ទុកថាមានភាពទំនើបនិងសុវត្ថិភាពមួយនៅក្នុងតំបន់ កំពុងតែបង្ហាញសញ្ញានៃការដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ដោយសារតែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សដែលកំពុងកកកុញអស់រយៈពេលជាយូរ។
អ្នកតាមដានព្រឹត្តិការណ៍នៅប្រទេសថៃមើលឃើញថា នេះពុំមែនគ្រាន់តែជាវិបត្តិសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជាវិបត្តិនៃក្តីសង្ឃឹម និងសុវត្ថិភាពរបស់ប្រជាជនថៃគ្រប់រូប។ សារព័ត៌មាន The Nation Thailand បានដកស្រង់សម្តីរបស់វេជ្ជបណ្ឌិត Somsak Tiamkao សរសៃប្រសាទវិទូ និងជានាយកមន្ទីរពេទ្យ Srinagarind បានបង្ហាញយ៉ាងច្បាស់ពីភាពអាសន្នធ្ងន់ធ្ងររបស់ប្រទេសថៃមកលាតត្រដាង។
លោកបានលើកឡើងពីសម្ពាធធំៗមួយចំនួន ដែលកំពុងពាំងមុខប្រព័ន្ធទាំងមូល ក្នុងចំណោមនោះ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺការកំណត់បុគ្គលិក ដើម្បីកាត់បន្ថយការចំណាយ ដែលនាំឱ្យបន្ទុកការងាររបស់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាកាន់តែធ្ងន់ធ្ងរ។ ស្ថានភាពនេះពុំត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ស្តង់ដារសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពអ្នកជំងឺ ដែលជារឿងមិនអាចទទួលយកបានឡើយ។
សរសៃប្រសាទវិទូរូបនេះបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺគោលនយោបាយដែលកំណត់បរិមាណសេវាកម្មមិនឱ្យកើនឡើង ដើម្បីរក្សាអត្រានៃការទូទាត់សងវិញពីមូលនិធិសុខាភិបាល។ លោកថា ការសម្រេចចិត្តខាងគ្លីនិកមួយចំនួន កំពុងត្រូវបានចងភ្ជាប់ជាមួយនឹងខ្សែរក្រវាត់ហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹង ហើយការព្យាបាលដែលសមស្របតាមគ្លីនិក តែមិនស្ថិតក្នុងបញ្ជីឱសថសារវន្ត អាចនឹងមិនត្រូវបានអនុញ្ញាត ព្រោះវានឹងធ្វើឱ្យមន្ទីរពេទ្យខាតបង់ថវិកាបន្ថែមទៀត តើនេះមែនជាទិសដៅនៃប្រព័ន្ធសុខាភិបាលដ៏រឹងមាំឬ?

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតបានបង្ហាញការព្រួយបារម្ភខ្លាំងថា នៅពេលដែលមន្ទីរពេទ្យមួយចំនួនប្រឈមនឹងការកាត់បន្ថយគ្រែសម្រាកព្យាបាល នោះវានឹងមានបញ្ហាប្រឈមធ្ងន់ដែលមិនធ្លាប់មានពីមុនមក។ គ្មានគ្រែសម្រាកព្យាបាល គឺស្មើរនឹងធ្វើឱ្យអ្នកជំងឺកាន់តែពិបាកទទួលបានសេវា ហើយសម្ពាធនឹងត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យក្បែរៗនោះ តាមរយៈការផ្ទេរអ្នកជំងឺត្រឡប់ទៅមន្ទីរពេទ្យសហគមន៍វិញ។ សុបិន្តអាក្រក់របស់មន្ទីរពេទ្យនឹងកើតមានឡើងប្រសិនបើមន្ទីរពេទ្យទាំងនោះពុំមានការត្រៀមខ្លួនគ្រប់គ្រាន់ទាំងបុគ្គលិក និងឱសថ។
ដូច្នោះហើយ នៅក្នុងស្ថានភាពដែលប្រទេសថៃកំពុងជួបប្រទះភាពតានតឹងផ្នែកនយោបាយជាមួយប្រទេសជិតខាង ការទុកឱ្យប្រព័ន្ធសុខាភិបាលដែលជារបងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋដួលរលំ គឺជាកំហុសដ៏ធំមួយរដ្ឋាភិបាលថៃត្រូវទទួលខុសត្រូវ និងមិនអាចអត់ទោសឱ្យបាន។ គេបានស្ដីបន្ទោសដល់កម្សោយរដ្ឋាភិបាលថៃ ដែលគួរណាស់តែងាកមកពិនិត្យមើលបញ្ហានេះជាបន្ទាន់ មិនមែនគ្រាន់តែជាបញ្ហារបស់ក្រសួងសុខាភិបាលមួយប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសន្តិសុខជាតិផ្នែកសុខភាពដែលកំពុងតែដាំក្បាលចុះ៕

