ថ្វីត្បិតតែលោក សីហសក្ដិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានបរទេសនា វីយែន ប្រទេសអូទ្រីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រឆាំងការលួចបន្លំ (Global Fraud Summit) នៅមជ្ឈមណ្ឌលអន្តរជាតិវីយែន កាលពីថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២៦ ថៃបានជួបចរចាគ្នាជាមួយមន្ត្រីការបរទេសអ៊ីរ៉ង់តាមទូរស័ព្ទដើម្បីសុំឱ្យមានការសហការពីទាហានជើងទឹកអ៊ីរ៉ង់ឱ្យជួយតាមស្វែងរក ។

ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរូបនេះ ហាក់ចាត់ទុករឿងនេះជាអាទិភាពទីពីរ ដោយអ្វីដែលក្រសួងការបរទេសកំពុង​តែ​ដុត​ដៃដុងជើងបំផុតនោះគឺស្វែងរកដៃគូប្រទេសថ្មីៗ ដើម្បីផ្គត់ផ្គង់ប្រភពថាមពល ឬប្រភពប្រេងឥន្ធនៈដល់ខ្លួន ខណៈដែលប្រេងបម្រុងរបស់ថៃអាចនៅផ្គត់ផ្គង់បានចន្លោះពី៩៥-១០០ថ្ងៃ ប៉ុន្តែសង្គ្រាមនៅមជ្ឈិមបូព៌ា មិនទាន់មានសញ្ញាថានឹងបញ្ចប់នៅពេលណានោះឡើយ។

លោកបន្តទៀតថា ហេតុដូច្នេះហើយ នាយករដ្ឋមន្ត្រីថៃ ជឿជាក់ថា ប្រសិនបើប្រទេសថៃអាចរកប្រភពប្រេងពីកន្លែងផ្សេងបាន គួរតែធ្វើការទាក់ទងដើម្បីកំណត់រកមើលថា តើអាចទទួលបានការផ្គត់ផ្គង់ពីប្រទេសណាខ្លះដែលយល់ព្រមលក់ប្រេងឱ្យថៃ។

កន្លងមក ប្រទេសថៃបានទាក់ទងជាមួយប្រទេសរុស្ស៊ី ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ប្រេងឱ្យថៃ។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយទណ្ឌកម្ម ដែលអនុញ្ញាតឱ្យនាវាចាកចេញពីកំពង់ផែដើម្បីលក់ទៅឱ្យប្រទេសផ្សេងៗបានផងដែរ។ ប្រទេសថៃក៏បានទាក់ទងទៅកាន់ប្រទេសប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀត។ ជាចុងក្រោយ ភ្នាក់ងារពាក់ព័ន្ធ រួមទាំងក្រសួងថាមពល នឹងត្រូវពិភាក្សាលម្អិតបន្ថែមទៀត៕

Share.