តាមរយៈសារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា នៅស្រុក Mae Sot ខេត្ត Tak មានរថយន្តជាច្រើនតម្រង់រង់ចាំចាក់សាំងមានប្រវែងវែងរហូតដល់ទៅ ៣ គីឡូម៉ែត្រ ចំណែកនៅខេត្តផ្សេងៗដូច​ជា​ Suphan Buri និង Nakhon Sawan ក៏ជួបវាសនាមិនខុសគ្នាដែរ។

ស្ថានីយប្រេងជាច្រើនបានបិទស្លាក “អស់សាំង” រីឯបុគ្គលិកស្ថានីយ PTT នៅខេត្ត Nakhon Ratchasima បញ្ជាក់ថា ទាំងសាំង និងម៉ាស៊ូត ត្រូវបានពលរដ្ឋសម្រុកមកចាក់រហូតអស់រលីងពីស្តុក តាំងពីថ្ងៃអាទិត្យមកម្ល៉េះ។
អ្នកបើកបរខ្លះត្រូវជិះដើររកសាំងអស់រយៈពេល ៣ ថ្ងៃនៅតែរកមិនបាន រហូតដល់ត្រូវបង្ខំចិត្តបោះបង់​ចោល​គម្រោង​ធ្វើដំណើរ ព្រោះមិនដឹងថាត្រូវទៅរកសាំងនៅឯណា។

ជាមួយបញ្ហានេះ នាយ អនុទីន ឆានវីរៈកុល នាយរដ្ឋមន្ត្រីជំនាន់ទី ៣៣ បានហៅមន្ត្រីពាក់ព័ន្ធប្រជុំបន្ទាន់ ខណៈដែលគោលការណ៍កំណត់តម្លៃពិដានត្រូវបញ្ចប់ ហើយការផ្គត់ផ្គង់ប្រេងកំពុងរអាក់រអួលខ្លាំង ដោយសារឥទ្ធិពល​សង្គ្រាមនៅមជ្ឈិមបូព៌ា។

ទោះបីជារដ្ឋាភិបាលថៃអះអាងថា មានប្រេងគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែមែនទែនទៅ រូបភាពនៃការតម្រង់ជួររាប់គីឡូ​ម៉ែត្រ និងស្លាកសញ្ញាអស់សាំងនៅតាមស្ថានីយ បានបង្ហាញយ៉ាងច្បាស់ថា មាត់ចង់សើចគេ តែខ្លួនឯងកំពុងផ្អើលដណ្តើមសាំងគ្នាដូចបុណ្យកឋិនទៅវិញ៕

Share.