ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពធម្មតានោះទេ ប៉ុន្តែគឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ជាពិសេសលើវិស័យសន្តិសុខ និងការពារជាតិ។

តាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងពីចំណុចលេចធ្លោបំផុតនៃទស្សនកិច្ចនេះ នោះគឺជំនួបពិភាក្សាការងាររវាងមេទ័ពការទូតកម្ពុជា ជាមួយឯកឧត្តម រីឆាត ម៉ាលស៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី។ ភាគីទាំងពីរបានឯកភាពគ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខឱ្យកាន់តែរឹងមាំ ដែលរួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការកសាងសមត្ថភាពការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញសម្រាប់មន្ត្រីយោធាកម្ពុជា និហការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ក្រៅពីវិស័យការពារជាតិ កម្ពុជា និងអូស្ត្រាលី បានបង្ហាញមហិច្ឆតាក្នុងការបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែធំជាងមុន បន្ទាប់ពីសម្រេចបាននូវតួលេខដ៏គួរឱ្យកត់សម្គាល់ប្រមាណ១,២ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីងាកមកចាប់អារម្មណ៍លើវិស័យអាទិភាពនៅកម្ពុជា រួមមាន៖ កសិកម្ម ការកែច្នៃកសិផល ថាមពលបៃតង និងវិស័យសុខាភិបាល។

ដោយឡែក អូស្ត្រាលីនៅតែជាដៃគូដ៏សំខាន់ក្នុងការផ្តល់ “ឱកាសមាស” ដល់និស្សិតកម្ពុជា។ រហូតមកដល់ពេលនេះ មាននិស្សិតខ្មែរជាង ១.១០០ នាក់ ហើយ ដែលបានទទួលអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards Scholarships) ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា។ ជាមួយគ្នានេះ ជំនួយអភិវឌ្ឍន៍សរុបប្រមាណ ១,៤ ប៊ីលានដុល្លារ ចាប់តាំងពីឆ្នាំ១៩៥២ មក បានចូលរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាលើវិស័យអប់រំ សុខាភិបាល និងកសិកម្ម។

យ៉ាងណាមិញនៅក្នុងស្មារតីខ្មែរតែមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចំណាយពេលជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតដែលកំពុងរស់នៅទីនោះ ដោយបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ពួកគេ ក្នុងការកសាងសង្គមពហុវប្បធម៌ដ៏រស់រវើកនៅអូស្ត្រាលី និងការរក្សាទំនាក់ទំនងល្អជាមួយមាតុភូមិ។

សមិទ្ធផលនៃជំនួបកម្រិតខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី មិនត្រឹមតែឈរលើមូលដ្ឋានប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបោះជំហានទៅរកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីស្ថិរភាពក្នុងតំបន់។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមប្រិយមិត្តអានលម្អិតនូវសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

Share.