ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងរបត់ដ៏ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា។ ចាប់តាំងពីវិបត្តិសុខភាពសាធារណៈ រហូតដល់ជម្លោះភូមិសាស្ត្រនយោបាយដែលអូសបន្លាយ បានធ្វើឱ្យសេដ្ឋកិច្ចសកលរង្គោះរង្គើ និងជះឥទ្ធិពលផ្ទាល់មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ក្នុងកាលៈទេសៈដែលពលរដ្ឋកំពុងរងសម្ពាធខ្លាំងបែបនេះ តួនាទីរបស់បណ្ឌិត បញ្ញាវន្ត និងអ្នកនយោបាយ ជាពិសេសគណបក្សប្រឆាំង គឺជាកត្តាកំណត់វាសនានៃស្ថិរភាពសង្គម។គណបក្សនយោបាយ ជាពិសេស “គណបក្សប្រឆាំង” ត្រូវបង្ហាញនូវភាពចាស់ទុំខាងនយោបាយ ដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ លើសពីការចង់បានអំណាចតាមរយៈការបង្កើតចលាចល។

នៅទីនេះ ត្រយងសូមធ្វើការកត់សម្គាល់ដូចតទៅ៖

១. សម្ពាធសេដ្ឋកិច្ច និងសន្តិសុខ

វិបត្តិប្រេងឥន្ទនៈមិនមែនគ្រាន់តែជាការឡើងថ្លៃសាំងសម្រាប់ចាក់យានយន្តនោះទេ ប៉ុន្តែវាគឺជា “មេគុណ” ដែលធ្វើឱ្យថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូនទំនិញសព្វសារពើកើនឡើង។ នៅពេលដែលចំណាយក្នុងគ្រួសារកើនឡើង ខណៈចំណូលនៅទ្រឹង ឬធ្លាក់ចុះ វានឹងបង្កើតជាសម្ពាធផ្លូវចិត្ត និងការថប់បារម្ភក្នុងជីវភាព។

ទន្ទឹមនឹងនេះ ភាពមិនប្រាកដប្រជានៃសន្តិសុខតាមព្រំដែន ដែលបង្កឡើងដោយ       សង្គ្រាមឈ្លានពាន ដំណាលគ្នានឹងជម្លោះភូមិសាស្ត្រនយោបាយ បានបន្ថែមទម្ងន់នៃក្តីបារម្ភលើសុវត្ថិភាពជាតិ។ សម្ពាធទាំងពីរនេះគឺជាក្តីបារម្ភរបស់ពលរដ្ឋ ដែលទាមទារឱ្យមានការដោះស្រាយដោយភាពវៃឆ្លាត និងការយោគយល់ មិនមែនការដុតកំហឹងបន្ថែមនោះឡើយ។

២. តួនាទីរបស់បណ្ឌិត និងបញ្ញាវន្ត

បញ្ញាវន្ត គឺជាខួរក្បាលនៃសង្គម។ ក្នុងគ្រាមានអាសន្ន ពលរដ្ឋតែងរំពឹងចង់បានការវិភាគប្រកបដោយហេតុផល និងវិទ្យាសាស្ត្រ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចេះដឹងប្រើប្រាស់ “សញ្ញាបត្រ” ឬ “ឥទ្ធិពលចំណេះដឹង” របស់ខ្លួន មកធ្វើការបកស្រាយដោយលំអៀង បំភ្លៃការពិត ឬញុះញង់ឱ្យមានការងើបបះបោរក្នុងន័យបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ នោះពួកគេកំពុងក្បត់នឹងវិជ្ជាជីវៈខ្លួនឯង។

ការបំភ័យពលរដ្ឋឱ្យមានការតក់ស្លុតហួសហេតុអំពីសេដ្ឋកិច្ច ឬការដុតរោលស្មារតីជាតិនិយមជ្រុលក្នុងបញ្ហាព្រំដែន ដើម្បីគ្រាន់តែចង់បានភាពល្បីល្បាញ ឬបម្រើរបៀបវារៈទុច្ចរិត គឺជាទង្វើអសីលធម៌ដែលមិនអាចអត់ឱនឱ្យបាន។ បញ្ញាវន្តពិតប្រាកដ ត្រូវតែជាអ្នកពន្លត់ភ្លើង មិនមែនជាអ្នកអង្គុយបក់ផ្សែងនោះទេ។

៣. គណបក្សនយោបាយ និងបក្សប្រឆាំង៖ ការប្រកួតប្រជែង ឬការបំផ្លាញ?

ក្នុងរបបពហុបក្ស ការរិះគន់របស់គណបក្សប្រឆាំងគឺជាជម្រុញឱ្យមានការកែលម្អ។ ប៉ុន្តែ “ការរិះគន់ដើម្បីស្ថាបនា” ខុសដាច់ពី “ការញុះញង់ដើម្បីអស្ថិរភាព”។ ក្នុងកាលៈទេសៈដែលជាតិជួបការលំបាក គណបក្សនយោបាយទាំងអស់ ជាពិសេសបក្សប្រឆាំង គប្បីបង្ហាញពីភាពចាស់ទុំនយោបាយដូចជា៖

  • ជៀសវាងនយោបាយឆ្លៀតឱកាស៖ មិនត្រូវយកទុក្ខលំបាករបស់ពលរដ្ឋពីបញ្ហាប្រេងឡើងថ្លៃ ឬបញ្ហាព្រំដែន មកធ្វើជាអាវុធដើម្បីវាយប្រហារក្នុងន័យបង្កឱ្យមានចលាចល បំបែកបំបាក់សាមគ្គីភាពជាតិឡើយ។
  • ផ្តល់ជម្រើសគោលនយោបាយ៖ បក្សប្រឆាំងគួរតែបង្ហាញនូវទស្សនវិស័យ ឬវិធានការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលខ្លួនយល់ថាប្រសើរជាង ដើម្បីឱ្យពលរដ្ឋមានសេចក្តីសង្ឃឹម និងមានជម្រើសក្នុងការពិចារណាដោយសន្តិវិធី។
  • តម្កល់ផលប្រយោជន៍ជាតិជាធំ៖ នៅចំពោះមុខសត្រូវរួមគឺ “វិបត្តិសកល” គ្រប់ភាគីនយោបាយត្រូវរួមសាមគ្គីគ្នាការពារបូរណភាពទឹកដី និងស្ថិរភាពផ្ទៃក្នុង ជាជាងការទាញទម្លាក់គ្នាឱ្យធ្លាក់ក្នុងជ្រោះនៃសង្គ្រាមស៊ីវិល ឬចលាចលតាមដងផ្លូវ។

៤. តើទាំងបញ្ញាវន្តនិងអ្នកនយោបាយគួរធ្វើអ្វីដើម្បីលើកទឹកចិត្តពលរដ្ឋ?

ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះ បញ្ញាវន្ត និងអ្នកនយោបាយគួររួមគ្នាអនុវត្តសកម្មភាពវិជ្ជមានដូចជា៖

  • ការអប់រំ និងការពន្យល់៖ ជួយពលរដ្ឋឱ្យយល់ពីមូលហេតុពិតនៃវិបត្តិ និងវិធីសាស្ត្រនៃការបត់បែនតាមកាលៈទេសៈ។
  • ការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹម៖ បង្ហាញពីសក្តានុពលនៃធនធានផ្ទៃក្នុង និងយន្តការអន្តរាគមន៍របស់រដ្ឋដែលកំពុងអនុវត្ត ដើម្បីកាត់បន្ថយសម្ពាធជីវភាព។
  • ការលើកកម្ពស់សន្តិភាពផ្លូវចិត្ត៖ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដែលបង្កជាភាពភ័យខ្លាច ហើយជំនួសមកវិញនូវសារនៃការរួបរួម និងការចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។

ជារួមមកវិញ ក្នុងស្ថានភាពដែលពិភពលោកកំពុងចលាចល ប្រទេសជាតិមួយអាចរឹងមាំទៅបាន លុះត្រាតែមានផ្ទៃក្នុងស្ងប់ស្ងាត់។ បណ្ឌិត បញ្ញាវន្ត និងអ្នកនយោបាយ គឺជាអ្នកកាន់ចង្កូតស្មារតីរបស់ពលរដ្ឋ។ ការជ្រើសរើស យកការបំភ័យ និងការញុះញង់ គឺជាការដើរថយក្រោយ ប៉ុន្តែការជ្រើសរើសយកការលើកទឹកចិត្ត និងការផ្តល់ដំណោះស្រាយ គឺជាមធ្យោបាយតែមួយគត់ដែលនាំឱ្យនាវាជាតិអាចជម្នះនូវរលកព្យុះនៃវិបត្តិសកលនេះបានប្រកបដោយជោគជ័យ៕

អត្ថបទ៖ត្រយង

Share.