ត្បូងឃ្មុំ៖ ករណីបាញ់ប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បណ្តាលឲ្យមនុស្សស្លាប់រហូតដល់៣នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាដំបូងថា អាចពាក់ព័ន្ធនឹងបញ្ហាត្រីកោណស្នេហា និងភ្លើងប្រច័ណ្ឌ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន៣នាក់ រួមមាន ស្ត្រីម្នាក់ឈ្មោះ គីម លាងអេង អាយុ៤២ឆ្នាំ ជាថៅកែអង្ករ មានទីលំនៅកន្លែងកើតហេតុ បុរសម្នាក់ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅនៅរាជធានីភ្នំពេញ និងបុរសម្នាក់ទៀតឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ជាអ្នករកស៊ីអង្ករ ដែលត្រូវបានសង្ស័យថាជាជនដៃដល់។


ប្រភពព័ត៌មានពីអ្នកជិតខាងបានបញ្ជាក់ថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានកូន៣នាក់ ហើយធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយឈ្មោះ វណ្ណ ត្រកាល ដែលតែងតែចេញចូលផ្ទះជាញឹកញាប់។ បន្ទាប់មក ស្ត្រីរងគ្រោះក៏មានទំនាក់ទំនងជាមួយបុរសម្នាក់ទៀត ដែលជាមន្ត្រីនគរបាលនៅភ្នំពេញ និងមានគម្រោងរៀបចំពិធីភ្ជាប់ពាក្យនៅចុងខែមីនា ខាងមុខ។

ស្របពេលដឹងព័ត៌មាននេះ ជនសង្ស័យត្រូវបានគេសន្និដ្ឋានថា បានកើតមានអារម្មណ៍ប្រច័ណ្ឌ ហើយបានទិញអាវុធខ្លី មកធ្វើសកម្មភាពបាញ់ប្រហារទៅលើស្ត្រីរងគ្រោះ និងបុរសជាគូដណ្ដឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មុននឹងបាញ់ខ្លួនឯងបញ្ចប់ជីវិតតាមក្រោយ។

លោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងស្ត្រីរងគ្រោះធ្លាប់មានទំនាក់ទំនងរកស៊ីរួមគ្នា មានឃ្លាំងអង្ករដូចគ្នា និងមានការចេញចូលទីតាំងជាប្រចាំ។

ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅខេត្តត្បូងឃ្មុំ កំពុងបន្តស្រាវជ្រាវដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃអំពើឃាតកម្មនេះ ខណៈព័ត៌មានបឋមបង្ហាញថា ជនដៃដល់មានប្រពន្ធ និងកូនរស់នៅក្រៅប្រទេស។

អត្ថបទ÷អាចារ្យលាក់

Share.