បាត់ដំបង÷ មួកស្លឹកត្នោតដែលសម័យបុរាណពលរដ្ឋធម្មតាមិនមានលទ្ធភាពពាក់ តែស័ក្តិសមសម្រាប់ឋាន:ជាសេដ្ឋី ផលិតដោយកសិករក្នុងខេត្តបាត់ដំបង បានផ្ទុះល្បី និងចាប់អារម្មណ៍ខ្លាំងផ្គត់ផ្គង់ទីផ្សារតំបន់ទេសចរណ៍ធំៗ។

ព្រឹទ្ធាចារ្យឈ្មោះ ឡៃ លឿន ហៅលោកតា ចន វ័យជាង ៨០ឆ្នាំរស់នៅភូមិដាក់សសរ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន
រៀបរាប់ប្រាប់ឲ្យដឹងកាលពីកន្លងមកនេះថា÷ មុខរបរចាក់មួកស្លឹកត្នោតបុរាណប្រភេទមួកសេដ្ឋី លោកតាបានធ្វើវារយៈពេល ៥ ឆ្នាំមកហើយ។ មួកសេដ្ឋីគំរូពីសម័យបុរាណនេះលោកតាបានរៀនចេះតាំងពីជំនាន់ប៉ុលពត។ ដែលប្រធានសហគមន៍គេជ្រើសរើសយកពុម្ពគំរូត្រឹមតែ ២មួកប៉ុណ្ណោះ ក្នុងនោះមានស្នាដៃរបស់លោកតាមួយ និងពុម្ពរបស់លោកតាម្នាក់ទៀត ក្នុងចំណោមគំរូពុម្ពរបស់ពលរដ្ឋជាច្រើនផ្សេងទៀតដើម្បីក្រងចាក់ដេរចេញជាមួកស្លឹកត្នោតបុរាណ។

ក្រោយប្រទេសមានសន្តិភាពពេញលេញលោកតាក៏នឹកឃើញធ្វើមួយបុរាណនេះឡើងវិញគោលបំណងទុកពាក់ខ្លួនឯង និងដើម្បីរក្សានូវស្នាដៃរបស់ខ្មែរផង ប៉ុន្តែក្រោយពីផលិតបានលោកតាបានពាក់វា គ្រានេះអ្នកភូមិបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយបានឃើញស្អាត រឹងមាំ និងស្រឡាញ់ក៏ចាប់អារម្មណ៍សួរទិញលោកតាតែម្ដង ចាស់ព្រឹទ្ធាជាកសិកររស់នៅក្នុងក្នុងខេត្តបាត់ដំបង រូបនេះបានកំណត់តម្លៃលក់មួកមួយ ១០ ០០០រៀល តែជាក់ស្ដែងដោយសារមនោសញ្ចេតនា និងការជួយគាំទ្រស្នាដៃកូនខ្មែរយើងផង បងប្អូនប្រជាពលរដ្ឋ អ្នកភូមិហ៊ានឲ្យតម្លៃរហូតដល់មួកមួយ ១ ៥០០០ ទៅ ២០ ០០០រៀលឯណោះ។

លោកតា ចន បន្តថា÷ មួកសន្លឹកត្នោតម៉ូតសេដ្ឋីខាងដើមនេះលោកតាបិតវាដោយខ្នងឬស្សី និងស្លឹកត្នោត ក្នុងមួកមួយធ្វើឡើងពី ពីរថ្ងៃ ទៅជាងពីរថ្ងៃ និងរយ:ពេលមួយខែធ្វើបានតែ ១៥ ទៅ២០មួកប៉ុណ្ណោះ។

បច្ចុប្បន្នមួកសេដ្ឋីដែលមិនសូវមានអ្នកចេះធ្វើវានេះបាននឹងកំពុងល្បីចាប់អារម្មណ៍ខ្លាំងទៅដល់ទីផ្សារលក់គ្រឿងវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ទេសចរណ៍សំខាន់ៗហើយ ដូចជាអតិថិជនកំពុងទទួចបញ្ជាទិញផ្គត់ផ្គង់ទីផ្សារនៅក្នុងបាត់ដំបង ខេត្តសៀមរាប ទីក្រុងភ្នំពេញ និងបងប្អូនខ្មែរនៅក្រៅប្រទេសថែមទៀត។ ការបញ្ជាទិញរបស់អតិថិជននេះគឺបានកម្មង់ច្រើនៗហើយអតិថិជនហ៊ានឲ្យតម្លៃខ្ពស់រហូតដល់ទៅមួយ ៦០ ០០០រៀល ខណៈដែលលោកតាមិនអាចផ្គត់ផ្គង់ទីផ្សារទាន់នៅឡើយព្រោះគ្មានកម្លាំង នឿយហត់ក្នុងដំណាក់កាលវ័យលោកតាកាន់តែចាស់។

កសិករវ័យជាង ៨០ឆ្នាំដដែលបានបញ្ជាក់ផងដែរថា÷ ដោយសារការស្រឡាញ់នូវស្នាដៃបុរាណរបស់ខ្មែរយើង និងដើម្បីសម្រាប់បន្សល់ទុកជាកេរ្តិ៍ដំណែលយូរអង្វែងតទៅ ទៅដល់អ្នកជំនាន់ក្រោយបានឃើញ ចេះ ស្គាល់ និងសិក្សាជាបទពិសោធន៍ លោកតាក៏បានបើកទូលាយបង្រៀនដល់អ្នកជំនាន់ក្រោយផងដែរ ពិសេសកូនចៅ ក្មួយៗរស់នៅក្នុងខេត្តបាត់ដំបងជាដើម បើមានការចាប់អារម្មណ៍ចង់ចេះ លោកតានឹងបើកបង្រៀនដោយមិនគិតកម្រៃឡើយ៕

អត្ថបទ: ដំបងក្រញូង

Share.