ភ្នំពេញ៖ ការឡើងថ្លៃខ្លាំងនៃប្រេងសាំង និងហ្គាស កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបររត់កង់បីដឹកភ្ញៀវតាមកម្មវិធី App។

បើគិតត្រឹមរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ យើងសង្កេតឃើញតំលៃ  តម្លៃប្រេងនៅតាមស្ថានីយ៍នានា ក្នុងរាជធានីភ្នំពេញ បានកើនឡើងបន្តទៀត ដោយប្រេងម៉ាស៊ូតមានតម្លៃប្រហែល ៦,៥៥០ រៀលក្នុងមួយលីត្រ សាំងធម្មតា ៥,៥០០ រៀល  ខណៈប្រភេទសាំងស៊ុបពែ អាចឡើងដល់ ៦,៨០០ រៀលក្នុងមួយលីត្រ។ ចំណែកហ្គាសវិញ ស្ថិតនៅចន្លោះពី ៣,០០០ ដល់ ៣,២០០ រៀលក្នុងមួយលីត្រ។

អ្នកបើកបរកង់បីម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទោះបីតម្លៃហ្គាសឡើងថ្លៃក៏ដោយ ប៉ុន្តែតម្លៃសេវាដឹកភ្ញៀវតាម App នៅតែដដែល បណ្តាលឲ្យប្រាក់ចំណូលថយចុះ និងស្ទើរមិនមានចំណេញ បន្ទាប់ពីចំណាយលើហ្គាស ថ្លៃសេវាកម្ម App និងថ្លៃជួសជុលយានយន្ត។

លោកបន្ថែមថា ស្ថានភាពបច្ចុប្បន្នកំពុងធ្វើឲ្យជីវភាពគ្រួសាររបស់លោកជួបការលំបាក ខ្វះប្រាក់ចំណូលសម្រាប់ចំណាយប្រចាំថ្ងៃ និងបង់សងធនាគារ ហើយមិនទាន់ដឹងថា តម្លៃប្រេងនឹងធ្លាក់ចុះវិញនៅពេលណានោះទេ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍សម្រួលតម្លៃប្រេងសាំង និងហ្គាស ដើម្បីបន្ធូរបន្ទុកជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ សេង សាវី

Share.