ការបរាជ័យរបស់ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ នៅវគ្គ ៨ក្រុមចុងក្រោយលើកនេះ គឺជាលើកទី៧ហើយ។

ភ្នំពេញក្រោន ជាក្រុមដែលអ្នកគាំទ្រមានក្ដីរំពឹងច្រើនក្នុងការលើកពានរង្វាន់សម្តេចតេជោ ឆ្នាំនេះ ពិសេសទៀតនោះ គឺជាក្រុមដែលការពារតំណែងជើងឯកទៀតផង បានធ្លាក់ចេញ បន្ទាប់ពីចាញ់ អាយអេសអាយ ដង្កោសែនជ័យ សរុបទាំង២ជើង ក្នុងលទ្ធផល ៤-២។
ប្រវត្តិរបស់ភ្នំពេញក្រោន ធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ ៧លើក រួមមាន៖
- លើកទី១៖ នៅឆ្នាំ២០១១ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ក្រុម Build Bright United ដោយការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងលឬ្ធផល ៥-៤ (ក្រោយស្មើគ្នា ០-០ លេងពេញ ១២០នាទី)
- លើកទី២៖ នៅឆ្នាំ២០១២ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៤-០
- លើកទី៣៖ នៅឆ្នាំ២០១៤ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ក្រុម Build Bright United ក្នុងលទ្ធផល ១-០
- លើកទី៤៖ នៅឆ្នាំ២០១៥ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៤-១
- លើកទី៥៖ នៅឆ្នាំ២០១៧ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ណាហ្គាវើលដ៍ សរុបទាំង២ជើង ក្នុងលទ្ធផល ៣-១
- លើកទី៦៖ នៅឆ្នាំ២០១៨ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់ក្រុម អង្គរថាយហ្គឺរ ដោយការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងលឬ្ធផល ៤-៣ (ក្រោយស្មើគ្នា ៤-៤ លេង ២ជើង)
- លើកទី៧៖ នៅឆ្នាំ២០២៥-២៦ ភ្នំពេញក្រោន ធ្លាក់ត្រឹមវគ្គ ៨ក្រុម ក្រោយចាញ់អាយអេសអាយ ដង្កសែនជ័យ ក្នុងលទ្ធផល ៤-២ (លទ្ធផលសរុបទាំង ២ជើង)
គួរបញ្ជាក់ថា ក្លិបាល់ទាត់ភ្នំពេញក្រោន បានគ្រប់ជើងឯក នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (18Hun Sen Cup) (ថ្នាក់ជាតិ) នៅលើកទី១៨ ឆ្នាំ២០២៤-២០២៥ បន្ទាប់ពីយកឈ្នះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោ។

ងាកមកការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានឈាន់ដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយការប្រកួតជើងទី១ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២២ មេសា ខណ:ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៩ មេសា ២០២៦។

សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

