ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងសមគំនិតក្នុងអំពើរំលោភអំណាច។

យោងតាមប្រភពពីអង្គភាព ប្រកាសថា ជនសង្ស័យទី១ ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ជនសង្ស័យទី២ ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជំនួយការរបស់ជឹម អូន ត្រូវបានសង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាច ខណៈជនសង្ស័យទី៣ ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្ត្រីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអង្គភាពដូចគ្នា ក៏ត្រូវបានសង្ស័យពីបទសមគំនិតក្នុងអំពើរំលោភអំណាចផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់៕

អត្ថបទ៖ ចតុម្មុខ

Share.