បាងកក៖ លោក អានុទីន ឆានវីរៈគូល (Anutin Charnvirakul) នឹងស្វែងរកការបោះឆ្នោតថ្មី ដើម្បីត្រឡប់មកកាន់អំណាចវិញនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រី ដែលត្រូវបានគេមើលឃើញថា ជាការព្យាយាមទប់ទល់នឹងវិបត្តិនយោបាយ និងភាពវឹកវរដែលបានញាំញីប្រទេសថៃជាយូរមកហើយ។

ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គណបក្ស ភូមិចៃថៃ (Bhumjaithai) របស់លោក អានុទីន កាលពីខែកុម្ភៈកន្លងទៅ ត្រូវបានគេមើលឃើញថាជាការ ទាញយកផលចំណេញពីការញុះញង់រលកជាតិនិយម តាមរយៈជម្លោះយោធាជាមួយប្រទេសកម្ពុជា កាលពីឆ្នាំមុន ដើម្បីបង្កើនប្រជាប្រិយភាពបក្សខ្លួនដែលធ្លាប់តែទន់ខ្សោយ។

ភាពជោគជ័យរបស់លោក អានុទីន មិនមែនកើតចេញពីគោលនយោបាយច្បាស់លាស់នោះទេ ប៉ុន្តែវាគឺជា «នយោបាយឆ្លៀតឱកាស» ដោយការបោះបង់ចោលរដ្ឋាភិបាលចម្រុះរបស់គណបក្ស ភឿថៃ (Pheu Thai) ដែលកំពុងធ្លាក់ចុះឥទ្ធិពល រួចរៀបចំល្បែងនយោបាយយ៉ាងរហ័ស ដើម្បីបង្កើតសម្ព័ន្ធភាពផ្ទាល់ខ្លួន។ បច្ចុប្បន្ន លោកបានចាប់ដៃជាមួយគណបក្សភឿថៃដែលកំពុងមាន «ស្នាមរបួសនយោបាយ» និងបណ្តុំគណបក្សតូចៗផ្សេងទៀត ដើម្បីគ្រប់គ្រងអាសនៈចំនួន ២៩០ ក្នុងចំណោម ៤៩៩អាសនៈ។
ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក អានុធីន ដែលមានវ័យ ៥៩ឆ្នាំ ត្រូវការការគាំទ្រលើសពីពាក់កណ្តាលនៃសមាជិកសភា ឬស្មើនឹង ២៥១សំឡេង។

ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកអំណាចរបស់លោក អានុទីន អាចនឹងរលាក់ ដោយសារត្រូវប្រឈមមុខជាមួយបេក្ខជនវ័យក្មេង លោក ណាតៈផុង រឿងប៉ាន់យ៉ាវុឌ្ឍ (Natthaphong Ruengpanyawut) ពីគណបក្សប្រជាជន ដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២។ លោក ណាតៈផុង កំពុងប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញពីចក្ខុវិស័យថ្មី ខណៈដែលលោក អានុទីន នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រនយោបាយចាស់គម្រឹល ដោយឈរនៅចន្លោះជម្លោះវណ្ណៈដឹកនាំដើម្បីធានាកៅអីក្នុងរដ្ឋាភិបាលខ្លួនឯង។
យ៉ាងណាម៉ិញ ប្រសិនបើលោក អានុទីន ឈ្នះឆ្នោត លោកនឹងត្រូវទទួលបន្ទុកដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចកំពុងជាប់គាំង និងញាំញីដោយបំណុលដ៏ច្រើនលើសលប់។ រដ្ឋាភិបាលថ្មីនេះនឹងត្រូវប្រឈមមុខនឹងសម្ពាធនៃការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដែលមិនធ្លាប់ទទួលបានជោគជ័យ ស្របពេលដែលមានភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

ទាក់នឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា មូលហេតុដែលគណបក្សភូមិចៃថៃអាចឈរជើងបាន គឺដោយសារការចេះអែបអប និងមិនដែលរងការវាយប្រហារពីសំណាក់យោធា និងតុលាការថៃ ដែលជាអ្នកនៅពីក្រោយការដួលរលំនៃរដ្ឋាភិបាលមុនៗ។ ដោយឡែកលោក ណាប៉ុន ចតុស្រីពិទៈ (Napon Jatusripitak) អ្នកវិទ្យាសាស្ត្រនយោបាយ បានបញ្ជាក់ថា ស្ថិរភាពដែលលោក អានុទីន រំពឹងទុកនោះ គឺកើតឡើងដោយសារ «អាជ្ញាកណ្តាល និងអ្នកប្រកួតស្ថិតនៅខាងតែមួយ» ដែលមានន័យថាជា ការរួមគំនិតគ្នារវាងស្ថាប័នអំណាច និងរដ្ឋាភិបាល ខណៈដែលបក្សប្រឆាំងត្រូវបានធ្វើឱ្យបែកបាក់៕

