បាងកក៖ វិស័យទេសចរណ៍ និងជីវិតពេលរាត្រីដ៏ល្បីល្បាញរបស់ទីក្រុងបាងកក បានក្លាយជាសុបិនដ៏អាក្រក់សម្រាប់គូស្នេហ៍ជនជាតិអង់គ្លេសមួយគូ បន្ទាប់ពីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ក្រោយសង្ស័យថា មានការលួចដាក់ថ្នាំបំពុលក្នុងភេសជ្ជៈ ដែលជាបញ្ហាចាស់ដុះស្លែ ប៉ុន្តែអាជ្ញាធរថៃនៅតែមិនអាចទប់ស្កាត់បាន។

លោក Tom Pardhy វ័យ ៣៨ឆ្នាំ ជាអ្នករៀបចំកម្មវិធីតន្ត្រី និងជាគ្រូបង្រៀនYoga បានបាត់បង់ជីវិតនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៦ ខែមីនា បន្ទាប់ពីលោក និងមិត្តស្រីឈ្មោះ Naomi Raksha វ័យ ៣១ឆ្នាំ ត្រូវបានគេសង្ស័យថា បានផឹកភេសជ្ជៈដែលលាយឡំដោយសារធាតុញៀនកូកាអ៊ីន និងហេរ៉ូអ៊ីន ដែលត្រូវបានគេលួចដាក់ក្នុងបំណងអាក្រក់ណាមួយ ក្នុងអំឡុងពេលពួកគេចេញទៅកម្សាន្តពេលរាត្រី។

យោងតាមការរៀបរាប់របស់ម្តាយជនរងគ្រោះ គូស្នេហ៍មួយគូនេះបានចេញទៅកម្សាន្តនៅពេលយប់ក្នុងទីក្រុងបាងកក មុនពេលដែលកញ្ញា Naomi ចាប់ផ្តើមមានអាការៈធ្ងន់ធ្ងរ។ ពេលកើតហេតុលោក Pardhy បានខិតខំបញ្ជូនមិត្តស្រីទៅមន្ទីរពេទ្យដោយតុកតុក ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យរកឃើញថា នាងរងគ្រោះដោយសារថ្នាំបំពុល ដែលបណ្តាលឱ្យគាំងបេះដូង និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។

អ្វីដែលគួរឱ្យខ្លោចផ្សានោះគឺ លោក Pardhy បានស្នាក់នៅមើលថែមិត្តស្រីរហូតដល់យប់ជ្រៅ ទើបត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ ប៉ុន្តែជាអកុសល ២៤ម៉ោងក្រោយមក លោកត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងបន្ទប់សណ្ឋាគារនោះតែម្តង។

ករណីនេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរទៅលើ «សុវត្ថិភាពភ្ញៀវទេសចរ» នៅក្នុងប្រទេសថៃ ដែលកន្លងមកតែងតែមានសេចក្តីរាយការណ៍អំពីការលួចដាក់ថ្នាំក្នុងភេសជ្ជៈ​ ដើម្បីប្លន់ ឬបំពានលើជនបរទេស។ ទោះបីជាប៉ូលីសក្នុងតំបន់បានសន្យាថានឹងស៊ើបអង្កេត ប៉ុន្តែវានៅតែជាស្រមោលខ្មៅងងឹតសម្រាប់វិស័យទេសចរណ៍ ដែលជារឿយៗតែងតែមានការធ្វេសប្រហែសក្នុងការការពារសន្តិសុខតាមក្លឹបកម្សាន្ត និងនៅតាមបារនានា។

ជាមួយគ្នានេះដែរ កញ្ញា Naomi ដែលនៅមានជីវិតនៅឡើយនោះ កំពុងប្រឈមមុខនឹងជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ (PTSD) និងការឈឺចាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់ ខណៈដែលគ្រួសាររបស់នាងត្រូវបង្ខំចិត្តបង្កើតយុទ្ធនាការ GoFundMe ដើម្បីស្វែងរកជំនួយសម្រាប់ចំណាយលើការព្យាបាល ដែលមានតម្លៃខ្ពស់កប់ពពកនៅក្នុងប្រទេសដែលជារឿយៗ តែងតែទាញយកផលចំណេញពីភ្ញៀវទេសចរ ប៉ុន្តែខកខានក្នុងការផ្តល់សុវត្ថិភាពដល់ពួកគេ។

គួរបញ្ជាក់ថា មរណភាពរបស់លោក Tom Pardhy គឺជាការរំលឹកដ៏ជូរចត់មួយទៀតសម្រាប់អ្នកទេសចរអន្តរជាតិថា «ឋានសួគ៌ទេសចរណ៍ថៃ» ក៏អាចក្លាយជាកន្លែងដ៏គ្រោះថ្នាក់បំផុតបានដែរ ប្រសិនបើអាជ្ញាធរនៅតែមិនទាន់មានវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងការដាក់ថ្នាំបំពុលក្នុងទីតាំងកម្សាន្តពេលរាត្រីបែបនេះ៕

ប្រភព៖ Thaiger

Share.