ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការ បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រទទួលមតិ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមទីតាំងសេវាកម្មផ្សេងៗ។





សកម្មភាពនេះបានអនុវត្តនៅតាមទីតាំងសំខាន់ៗ រួមមាន មុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា និងទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអុីអន២ សែនសុខ និងអុីអនម៉លមានជ័យ (អុីអន៣) ដើម្បីយកមកពិនិត្យ និងដោះស្រាយជាក់ស្តែង។
ប្រអប់សំបុត្រនេះ មានគោលបំណងទទួលយកមតិយោបល់ សំណូមពរ និងពាក្យបណ្តឹងគ្រប់ប្រភេទពីប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាបឲ្យទាន់ពេលវេលា។




ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានដាក់ឲ្យប្រើប្រាស់យន្តការបន្ថែម ដូចជា កម្មវិធី GDI eServices លេខទូរស័ព្ទប្រចាំការ ១២៧១ និង ០១៧ ៨៩៨ ៩១៥ ព្រមទាំងទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចផ្តល់មតិយោបល់ ឬដាក់ពាក្យបណ្តឹងបានយ៉ាងងាយស្រួល និងទាន់ពេលវេលា។





សកម្មភាពនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការកែលម្អគុណភាពសេវាសាធារណៈ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព៕








