ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យរួមគ្នាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់ដាច់ខាតនូវការរីករាលដាលនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងភូមិសាស្ត្រខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ដោយមោទនភាពថា ចាប់តាំងពីឯកឧត្តមបានចូលមកដឹកនាំខេត្តកំពតមក ទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈរ ប្រាក់ចំណូលមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗប្រចាំឆ្នាំ (GDP per capita) បានហក់ឡើងពី ១.៨០០ ដុល្លារ រហូតដល់ជិត ៣.០០០ ដុល្លារ។ កំណើនដ៏ឆាប់រហ័សនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ និងកងកម្លាំង ក្នុងការរក្សាសុខសុវត្ថិភាព ដែលជាកាតាលីករជំរុញឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តរីកចម្រើនយ៉ាងខ្លាំង។

វិធានការណ៍ក្ដៅលើបញ្ហាសន្តិសុខ និងទំនិញគេចពន្ធ

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ទិសដៅសំខាន់ៗចំនួន ៣ ចំណុច៖

  1. ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៖ ត្រូវរួមគ្នាបង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ កុំឱ្យមានការវិលត្រឡប់មកវិញ ដើម្បីរក្សានូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលលើឆាកអន្តរជាតិ។
  2. លុបបំបាត់ទំនិញហាមឃាត់៖ បញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងផ្នែកទឹក និងគោក សហការគ្នាឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់លំហូរទំនិញហាមឃាត់ និងគេចពន្ធពីប្រទេសជិតខាងចូលមកក្នុងខេត្ត។ ឯកឧត្តមសង្កត់ធ្ងន់ថា ការបណ្តោយឱ្យមានទំនិញខុសច្បាប់ហូរចូល គឺជាការប្រមាថដល់វីរកងទ័ពដែលបានលះបង់ជីវិតដើម្បីការពារបូរណភាពទឹកដី។
  3. ការពារធនធានធម្មជាតិ និងអនាម័យ៖ ត្រូវបន្តសម្អាតបរិស្ថានតំបន់ឆ្នេរឱ្យបានស្អាតជានិច្ច និងហាមដាច់ខាតការរំលោភបំពានយកដីចំណីព្រែក និងដីរដ្ឋ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានរំលឹកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗ ត្រូវតែដើរទន្ទឹមគ្នានឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។ គោលដៅចម្បង គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន ដែលនឹងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែធូរធារបន្ថែមទៀត៕

Share.