ណារ៉ាទីវ៉ាត់៖ ព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវទៅលើរថយន្តរបស់លោក Kamolsak Leewamoh វ័យ ៥៩ឆ្នាំ ដែលជាសមាជិកសភាខេត្តណារ៉ាទីវ៉ាត់ កាលពីព្រលឹមថ្ងៃសុក្រនេះ មិនត្រឹមតែជាការប៉ុនប៉ងយកជីវិតអ្នកនយោបាយរូបនេះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការទះកំផ្លៀងយ៉ាងខ្លាំងទៅលើការអះអាងរបស់រដ្ឋាភិបាលថៃ អំពីការគ្រប់គ្រងសន្តិសុខនៅតំបន់ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ទោះបីជារដ្ឋាភិបាលបានចំណាយថវិកាជាតិរាប់លានបាត និងពង្រាយកងកម្លាំងប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់ក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងក៏ដោយ ក៏ក្រុមខ្មាន់កាំភ្លើងនៅតែអាចធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដោយប្រើប្រាស់អាវុធយោធាបាញ់ប្រហារជាង ១០គ្រាប់ នៅលើដងផ្លូវសាធារណៈ Phetkasem កណ្ដាលស្រុក Bacho កាលពីវេលាម៉ោង ១:០៩នាទី។ ការដែលជនល្មើសអាចតាមដាន វ៉ាជែង និងបាញ់ប្រហារដល់មុខផ្ទះសមាជិកសភាផ្ទាល់បែបនេះ បង្ហាញថា ប្រព័ន្ធសន្តិសុខ និងការស៊ើបការណ៍របស់រដ្ឋាភិបាល គឺមានចន្លោះប្រហោងយ៉ាងធ្ងន់ធ្ងរ ឬប្រហែលជាគ្មានប្រសិទ្ធភាពទាល់តែសោះ។

ហេតុការណ៍នេះ បានបណ្ដាលឱ្យមន្ត្រីប៉ូលីសការពារ និងអ្នកបើកបរម្នាក់ រងរបួសជាទម្ងន់ ខណៈដែលលោក Kamolsak រួចផុតពីសេចក្តីស្លាប់ដោយសារតែការដេកក្រាបនៅក្នុងរថយន្ត។ ទាក់ទិននឹងបញ្ហានេះ គេបានចោទសួរទៅរដ្ឋាភិបាលបច្ចុប្បន្នថា៖ «ប្រសិនបើសូម្បីតែសមាជិកសភាដែលមានកម្លាំងការពារ ក៏រដ្ឋមិនអាចធានាសុវត្ថិភាពបានផង ចុះទម្រាំតែប្រជារាស្ត្រសាមញ្ញ តើជីវិតពួកគេនឹងទៅជាយ៉ាងណា?»

ទោះបីជាមានភស្តុតាងពីកាមេរ៉ាសុវត្ថិភាព (CCTV) ដែលបង្ហាញពីសកម្មភាពយ៉ាងច្បាស់ក៏ដោយ ប៉ុន្តែការដែលក្រុមខ្មាន់កាំភ្លើងអាចគេចខ្លួនបាត់ស្រមោលឆ្ពោះទៅកាន់ទីរួមស្រុក បង្ហាញពីភាពទន់ខ្សោយនៃប្រតិបត្តិការតាមចាប់របស់សមត្ថកិច្ចរបស់ប្រទេស។ ការបណ្ដែតបណ្ដោយឱ្យអំពើហិង្សាបែបនេះកើតឡើងលើបុគ្គលសាធារណៈ គឺជាសញ្ញានៃការបាត់បង់ការគ្រប់គ្រង ដែលរដ្ឋាភិបាលមិនអាចបដិសេធការទទួលខុសត្រូវ បានឡើយ។

រហូតមកដល់ពេលនេះ អាជ្ញាធរនៅតែមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យ ឬមូលហេតុពិតប្រាកដនៅឡើយ ដែលនេះគ្រាន់តែជាការឆ្លើយតបបែបដដែលៗ រាល់ពេលដែលមានព្រឹត្តិការណ៍ហិង្សាកើតឡើង។ វាដល់ពេលហើយដែលរដ្ឋាភិបាលថៃ ត្រូវឈប់ប្រើប្រាស់យុទ្ធសាស្ត្រ «ដោះស្រាយបញ្ហាតាមតែព្រឹត្តិការណ៍» ហើយងាកមកពិនិត្យមើលឡើងវិញនូវការបរាជ័យនៃគោលនយោបាយសន្តិសុខនៅភាគខាងត្បូង ដែលកាន់តែធ្វើឱ្យស្ថានការណ៍នៅទីនោះដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖ Khaosod English

Share.