កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរុញច្រានការប្រើប្រាស់ប្រាក់រៀល ឬ De-dollarization របស់ធនាគារជាតិនៃកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងតាមរយៈលិខិតផ្លូវការរបស់លោក Enrico Gaveglia តំណាងអង្គការ UNDP នៅកម្ពុជា ផ្ញើជូនលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ពីការចូលរួមចំណែកពង្រឹងអធិបតេយ្យភាពរូបិយវត្ថុជាតិ។

ក្នុងខ្លឹមសារនៃលិខិតនោះ UNDP បានសង្កត់ធ្ងន់ថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់ប្រាក់រៀលជាបណ្តើរៗនៅក្នុងប្រតិបត្តិការការងារ និងកិច្ចការរដ្ឋបាលសំខាន់ៗជាច្រើន ដែលការណ៍នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងជំនួបកាលពីចុងឆ្នាំ ២០២៥។ ស្ថាប័នអន្តរជាតិមួយនេះគ្រោងនឹងចែកចាយសាច់ប្រាក់រៀលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការទូទាត់លើការលទ្ធកម្មទំនិញ និងសេវាកម្មខ្នាតតូច ការបង់ថ្លៃសេវាសាធារណៈផ្សេងៗ ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភស្នាក់នៅសម្រាប់ការធ្វើដំណើរក្នុងស្រុកដល់បុគ្គលិករបស់ខ្លួនផងដែរ។

លើសពីការចាយវាយផ្ទាល់ខ្លួន UNDP ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រាក់រៀលទៅកាន់ដៃគូអនុវត្តគម្រោងនានាផងដែរ។ តាមរយៈយន្តការនេះ រាល់ការផ្ទេរថវិកាទៅកាន់ដៃគូជាតិដែលមានលទ្ធភាពប្រើប្រាស់គណនេយ្យជាប្រាក់រៀល នឹងត្រូវអនុវត្តជាកាតព្វកិច្ច ដើម្បីធានាថាជំនួយអភិវឌ្ឍន៍មិនត្រឹមតែជួយដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញតម្រូវការរូបិយប័ណ្ណជាតិឱ្យកាន់តែមានឥទ្ធិពលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

តំណាង UNDP ក៏បានបញ្ជាក់បន្ថែមថា ការជំរុញរបៀបវារៈនៃការប្រើប្រាស់ប្រាក់រៀលនេះ គឺជាកត្តាចាំបាច់បំផុតក្នុងការបង្កើនប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា ដែលវានឹងជួយឱ្យរាជរដ្ឋាភិបាលមានឧបករណ៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងអតិផរណា និងពង្រឹងសុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិមួយនេះក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ដើម្បីរាយការណ៍ និងតាមដានវឌ្ឍនភាពនៃកិច្ចការនេះជាទៀងទាត់ សំដៅធានាឱ្យបាននូវការអនុវត្តប្រកបដោយចីរភាពទាំងក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិ៕

Share.