ភ្នំពេញ៖ ជនជាតិចិនចំនួន១៥នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន ចំនួន៤ទីតាំងផ្សេងគ្នា ដោយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបុរីអ័រគីដេ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌជ្រោយចង្វារ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបក្នុងភូមិសាស្ត្រខាងលើចំនួន៤ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនជាតិចិនចំនួន១៥នាក់ ដកហូតបាន៖ ទូរសព្ទដៃចំនួន៤៣គ្រឿង, កំព្យូទ័រយួរដៃចំនួន៥គ្រឿង, រថយន្តម៉ាក GAC GN8 ចំនួន១គ្រឿង, សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់, ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ក្រោយបង្ក្រាបបាន ទីតាំងខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ចំណែកជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅការិយាល័យជំនាញស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី។
អត្ថបទ៖ តាតុងសែនជ័យ

