ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងកញ្ចប់ថវិកាជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំថ្មីមួយ ដោយតម្រូវឱ្យគ្រប់អង្គភាពចំណុះ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ អនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនី។
វិធានការសំខាន់ៗដែលមានចែងក្នុងសេចក្ដីណែនាំនោះរួមមាន៖
១. ការសន្សំសំចៃប្រេងឥន្ធនៈ
- កាត់បន្ថយការធ្វើដំណើរ៖ ជំរុញឱ្យមានការប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Video Conference) ជំនួសឱ្យការជួបផ្ទាល់ដែលត្រូវធ្វើដំណើរឆ្ងាយ។
- គ្រប់គ្រងយានយន្តរដ្ឋ៖ ត្រូវត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់បេសកកម្មប្រើប្រាស់យានយន្តរដ្ឋ។ បេសកកម្មណាដែលមិនចាំបាច់ត្រូវផ្អាក ឬបញ្ចូលគ្នា ហើយជំរុញឱ្យមន្ត្រីប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈឱ្យបានច្រើន។
- គោលដៅកាត់បន្ថយ៖ គ្រប់អង្គភាពត្រូវពិចារណាកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈឱ្យបាន ៥០% ក្នុងរយៈពេល ២ខែ បន្ទាប់ពីទទួលបានការណែនាំនេះ។
២. ការរៀបចំបែបបទការងារ និងថាមពលអគ្គិសនី
- ការងារពីផ្ទះ៖ អនុញ្ញាតឱ្យមន្ត្រីមួយចំនួនអាចបំពេញការងារតាមប្រព័ន្ធអនឡាញពីផ្ទះបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅការិយាល័យ។
- ការប្រើប្រាស់ម៉ាស៊ីនត្រជាក់៖ ត្រូវកំណត់សីតុណ្ហភាពក្នុងកម្រិត ២៥ អង្សាសេ និងត្រូវបិទម៉ាស៊ីនត្រជាក់យ៉ាងតិច ១៥ នាទី មុនពេលចេញពីធ្វើការ។
- ការប្រើប្រាស់ពន្លឺធម្មជាតិ៖ ជំរុញឱ្យបើកបង្អួចការិយាល័យដើម្បីប្រើប្រាស់ពន្លឺ និងខ្យល់អាកាសធម្មជាតិ ក្នុងកម្រិតដែលអាចធ្វើទៅបាន។
៣. ករណីលើកលែង
ទោះជាយ៉ាងណា វិធានការសន្សំសំចៃនេះនឹងមិនត្រូវឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់មួយចំនួនឡើយ ជាពិសេស៖
- កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់។
- កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា។
- ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូបរទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវចាត់ចែងអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕


អត្ថបទ៖ត្រយង
