កម្លាំងនគរបាលឥណ្ឌូណេស៊ី កំពុងបើកប្រតិបត្តិការតាមស្វែងរកជនសង្ស័យចំនួន ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពចាក់សម្លាប់ភ្ញៀវទេសចរជនជាតិហូឡង់ម្នាក់ នៅលើកោះបាលី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាជ្ញាធរឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ម្សិលម៉ិញ។



យោងតាមមន្រ្តីស្នងការនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Rene Pouw អាយុ ៤៩ឆ្នាំ ត្រូវបានគេលបវាយប្រហារកាលពីយប់ថ្ងៃច័ន្ទ នេះ នៅក្បែរផ្ទះវីឡាដែលលោកស្នាក់នៅ ក្នុងស្រុក Badung។ បើតាមមិត្តស្រីរបស់ជនរងគ្រោះ បានរាយការណ៍ថា នាងបានឃើញមនុស្ស ២នាក់ ចូលទៅវាយប្រហារលើលោក Pouw ដោយប្រើប្រាស់កាំបិត។ មន្រ្តីដដែលបានបន្ថែមថា ជនរងគ្រោះបានរងរបួសដាច់រយះធ្ងន់ធ្ងរត្រង់ ក្បាល ក បង្កួយស្មា និងភ្លៅ ដែលបណ្ដាលឱ្យគាត់បាត់បង់ឈាមច្រើន រហូតដល់ស្លាប់។


តាមការស្រាវជ្រាវបឋម ពុំមានសម្ភារៈផ្ទាល់ខ្លួនណាមួយរបស់ជនរងគ្រោះត្រូវបានបាត់បង់ឡើយ ហើយបច្ចុប្បន្នប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការវាយប្រហារនេះ។


សូមជម្រាបថា កាលពីដើមខែមីនា នេះ តុលាការកោះបាលីទើបតែបានកាត់ទោសជនជាតិអូស្ត្រាលី ២នាក់ ឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំ ពីបទសម្លាប់មិត្តរួមជាតិដោយសារជម្លោះបំណុល។ ដោយឡែក នៅកោះក្បែរខាង (ដែលគេស្គាល់ថា កោះ Lombok) មានជនជាតិឥណ្ឌូណេស៊ី ២នាក់ ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ឆ្នាំ កាលពីខែមុន ពីបទឃាតកម្មលើភ្ញៀវទេសចរវ័យចំណាស់ជនជាតិអេស្ប៉ាញម្នាក់ផងដែរ។ យ៉ាងណាម៉ិញ ព្រឹត្តិការណ៍ដ៏រន្ធត់ទាំងនេះ បានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព នៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ៕

