ភ្នំពេញ៖ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០ម៉ឺននាក់ បានទទួលឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការក្នុងប្រព័ន្ធ និងជាង ៣២ម៉ឺននាក់ផ្សេងទៀតមានការងារនៅក្រៅប្រព័ន្ធ។

ការបញ្ជាក់នេះត្រូវបានលើកឡើងដោយលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអំឡុងពេលចុះសួរសុខទុក្ខអតីតពលករខ្មែរ នៅរោងចក្រកាត់ដេរ មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកបានឲ្យដឹងថា បន្ទាប់ពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៩៥ម៉ឺននាក់បានវិលត្រឡប់មកប្រទេសវិញ ក្នុងនោះជាង ៨០ម៉ឺននាក់ជាអតីតពលករ។ រដ្ឋាភិបាលបានដាក់ចេញយន្តការច្រើន ដើម្បីជួយសម្រួលការងារ និងបង្កើតឱកាសការងារជូនពួកគេ។

ក្នុងចំណោមវិធានការសំខាន់ៗ ក្រសួងបានរៀបចំវេទិកាការងារជាង ៦០០លើក និងពិព័រណ៍ការងារចល័តជាង ១,០០០លើក នៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយឱកាសការងារ និងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

សកម្មភាពទាំងនេះត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមខេត្តគោលដៅ ដែលមានអតីតពលករច្រើន ដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលមានតម្រូវការកម្លាំងពលកម្ម។

ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិ កម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដោះស្រាយបញ្ហាពលករវិលត្រឡប់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា ពលករច្រើនទទួលបានការងារនៅវិស័យវាយនភណ្ឌកាត់ដេរ ហើយបង្ហាញពីការខិតខំប្រឹងប្រែង និងសមត្ថភាពធ្វើការដូចកម្មករផ្សេងៗទៀត ទោះបីមិនមានជំនាញជាក់លាក់ពីមុនក៏ដោយ។

ប្រភព៖ AKP

Share.