នេះអាចចាត់ទុកជា ឆាកល្ខោន និងសេណារីយ៉ូ ដដែលៗនៅក្នុងឆាកនយោបាយថៃដែលមានក្រុមអ្នកនយោបាយអែបអបចូលចិត្តលើកជើងយោធាថៃតែងតែឆ្កឹះរឿងព្រំដែនជាមួយកម្ពុជាមកធ្វើជាល្បែងអុករបស់ពួកគេ នៅពេលដែលពួកគេធ្លាក់ក្នុងវិបត្តិប្រជាប្រិយភាព ឬបិទបាំងពីភាពអសមត្ថភាព និងអសកម្មក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងជាតិ ពួកគេរមែងប្រើប្រាស់បញ្ហាព្រំដែនមកធ្វើជាសាច់រឿងបង្វែរដាន។

ជាក់ស្តែងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦នេះ មន្ត្រីជាន់ខ្ពស់ផ្នែកចារកម្មយោធាថៃបានចេញមុខមកនិយាយអះអាង អំពីលទ្ធភាពនិងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះប្រដាប់អាវុធលើសរភូមិជាមួយកម្ពុជា ជាលើកទីបី ដែលគេមើលឃើញថា ជាសញ្ញាណនៃល្បិចកលនយោបាយចាស់គំរឹលមានចេតនាទាញកាណុងកាំភ្លើងមកទិសដៅព្រំដែន ដើម្បីបិទបាំងភាពបរាជ័យរបស់រដ្ឋាភិបាលលោក អនុទិន ដែលកំពុងតែឆ្លេឆ្លាដោះស្រាយវិបត្តិកង្វះថាមពលក្នុងប្រទេសថៃ។
មន្ត្រីជាន់ខ្ពស់ផ្នែកចារកម្មយោធាថៃ លោកឧត្តមសេនីយ៍ទោ Thiranan Nuntakhwang បានលើកឡើងអំពីការទិញអាវុធថ្មីរបស់កម្ពុជា និងការត្រៀមបោះឆ្នោតឆ្នាំ២០២៧ គឺជាចំណោទបញ្ហានៃជម្លោះប្រដាប់អាវុធលើសរភូមិជាថ្មីជាមួយកម្ពុជាដែលថៃត្រូវតែត្រៀមប្រុងជើងការជានិច្ច ។ ប៉ុន្តែការនិយាយដែលគ្មានមូលដ្ឋានច្បាស់លាស់នេះគ្រាន់តែជាលេសដ៏ស្ដួចស្តើងនិង លៀនកន្ទុយល្មោភសង្គ្រាមរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងន័យយុទ្ធសាស្ត្រ វាមិនត្រឹមតែជាការបំភ័យប្រជាជនថៃឱ្យមានការប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួននោះទេ ប៉ុន្តែច្បាស់ណាស់វាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការទាញយកកញ្ចប់ថវិកាជាតិមកបម្រើឱ្យវិស័យការពារជាតិ និងលើកតម្កើងតួនាទីកងទ័ពនៅពេលដែលស្ថាប័នស៊ីវិលកំពុងទន់ជ្រាយ។
រដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក អនុទិន ឆាន់វិរៈកុល ជ្រកក្រោមស្លាកនយោបាយ 2.0 បានកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងវិបត្តិនយោបាយផ្ទៃក្នុងដែលរកច្រកចេញមិនរួច។ ការដែលយោធាជាន់ខ្ពស់ងើបមកនិយាយពី កិច្ចការព្រំដែន”ក្នុងរូបភាពតានតឹងបែបនេះ នោះវាមិនខុសអីពីផ្សែងពុលនយោបាយដែលគេបាញ់ចេញ ដើម្បីឱ្យពលរដ្ឋភ្លេចគិតពីបញ្ហាកង្វះប្រេង ភាពអត់ឃ្លាន ភាពអត់ការងារធ្វើ និងជម្លោះអំណាចក្នុងទីក្រុងបាងកក។ វារឹតតែច្បាស់ថែមទៀតថា នេះជាការរៀបចំសាច់រឿង បម្រើឱ្យយោធាបន្តមានឥទ្ធិពលលើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលសព្វថ្ងៃ។
មន្ត្រីយោធាថៃរូបនេះ បានទទួលស្គាល់ដោយខ្លួនឯងថា កម្ពុជាកំពុងប្រើប្រាស់យន្តការច្បាប់អន្តរជាតិមកដាក់សម្ពាធលើប្រទេសថៃ ប៉ុន្តែថៃវិញ បែរជាមិនចូលខ្លួនដោះស្រាយនៅតុលាការអន្តរជាតិ ទាំងដែលប្រកាសក្ដែងៗថាកម្ពុជារំលោភលើទឹកដីរបស់ខ្លួន តែបែរជាព្យាយាមភ្ជាប់រឿងនេះទៅនឹងការត្រៀមលក្ខណៈធ្វើសង្គ្រាមទៅវិញ។
ការលើកឡើងដោយភាសាចោទប្រកាន់ថាកម្ពុជាចង់ទាញព្រឹត្តិការណ៍ឱ្យធ្លាក់ទៅរកសង្គ្រាមជុំទីបី គឺជាការលាបពណ៌យ៉ាងអយុត្តិធម៌មកលើកម្ពុជា ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់។ ការយកបញ្ហាបោះឆ្នោតឆ្នាំ២០២៧ របស់កម្ពុជាមកធ្វើជាចំណុចព្រមាន គឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អ្នកជិតខាងយ៉ាងធ្ងន់ធ្ងរ ព្រោះតែចង់បម្រើផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ខ្លួនដោយមិនរអា។
ក្រៅពីយុទ្ធសាស្ត្រទាញកាណុងមកព្រំដែនជាមួយកម្ពុជា កន្លងមកនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ កាសែតថៃបានលាតត្រដាងសកម្មភាពរបស់ក្រុមយោធាថៃភូមិភាគទី ២ បានហ្វឹកហាត់ការបាញ់បោះដូចសង្គ្រាមពិតនៅក្នុងព្រៃនៅលើទឹកដីដែលខ្លួនដណ្ដើមបាន ដោយមានពួកទ័ពខែលការពារ ពួកទ័ពបាញ់ការពារ ពួកទ័ពចល័តទីក្នុងល្បឿនលឿន និងមានប្រព័ន្ធបញ្ជាការជាក្រុមធំ ដោយពួកអះអាងថា សកម្មភាពរបស់យោធាទាំងនេះលើសពីការសម្ញែងកម្លាំង ប៉ុន្តែជាការត្រៀមលើនៅសមរភូមិពិត។
ពួកក្រុមយោធាថៃបានយករឿងនេះ មកអះអាងថាកម្ពុជាព្យាយាមញុះញង់បង្កជម្លោះផ្ទុះអាវុធតាមព្រំដែនជារឿងរាល់ថ្ងៃមិនឈប់ និងអះអាងទៀតថា សម្រាប់យោធាថៃគឺគ្មានគម្រោងដកចេញនូវរាល់ សកម្មភាពឈ្លានពាន ការព័ទ្ធបន្លាលួស ទូរកុងតឺន័រ របងអចិន្ត្រៃយ៍ ប្រព័ន្ធតាមដានអេឡិចត្រូនិច និងការគ្រប់គ្រងរបស់ពួកគេនៅតាមតំបន់ព្រំដែនដែលខ្លួនដណ្ដើមនិងឈរជើងលើទឹកដីខ្មែរឡើយ៕

