ស្ថានភាពនៅទីក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញ នេះមិនល្អប៉ុន្មាននោះឡើយ ក្រោយមានផ្ទុះចេញនូវការមិនពេញចិត្ត និងការតវ៉ាប្រឆាំងពីសំណាក់ប្រជាជនស៊ីវិល ដែលមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលទៅលើការដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ។

ដោយតំណាងក្រុមសង្គមស៊ីវិលចំនួន ១៤ ក្រុម រួមជាមួយពលរដ្ឋជាង ១០០ នាក់ បានមកជួបជុំគ្នា នៅចំពីមុខវិមានរដ្ឋាភិបាលក្រុងបាងកក ដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈកុល ដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការបន្ទាន់លើការបញ្ចុះតម្លៃថាមពលដែលកំពុងហក់ឡើងខ្ពស់។ ដឹកនាំដោយសកម្មជនលេចធ្លោ លោក Somyot Prueksakasemsuk និងលោក Thatchapong Kaedam ក្រុមបាតុករបានលើកយកទិន្នន័យបច្ចេកទេសចេញពីរចនាសម្ព័ន្ធពន្ធរបស់រដ្ឋាភិបាលផ្ទាល់មកធ្វើជាភស្តុតាង។

សារព័ត៌មានថៃ បានផ្សាយថា តំណាងទាំងអស់នោះ បានអះអាងថា ប្រសិនបើរដ្ឋាភិបាលសម្រេចលុបចោលពន្ធអាករលើប្រេងឥន្ធនៈ និងកាត់បន្ថយប្រាក់ចំណេញរបស់រោងចក្រចម្រាញ់ប្រេងមកត្រឹម ២ បាតក្នុងមួយលីត្រ នោះតម្លៃប្រេងនៅតាមស្ថានីយនឹងអាចធ្លាក់ចុះរហូតដល់ ១១ បាតក្នុងមួយលីត្រភ្លាមៗ។ ការទាមទារសំខាន់ៗទាំង ៤ ចំណុច៖

១. លុបចោលពន្ធអាករលើប្រេងឥន្ធនៈជាបន្ទាន់។
២. បង្កកតម្លៃហ្គាស LPG សម្រាប់រយៈពេលមួយឆ្នាំ។
៣. បញ្ចុះថ្លៃអគ្គិសនីឱ្យស្របតាមការសន្យាឆ្នោត។
៤. រឹតបន្តឹងការគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ទូទៅ។

អ្វីដែលកាន់តែក្ដៅបំផុតនៃបាតុកម្មនេះ គឺការរិះគន់ទៅលើភាពមិនច្បាស់លាស់នៃទិន្នន័យបម្រុងប្រេងឥន្ធនៈជាតិ ដែលធ្លាប់បានប្រកាសចេញដោយរដ្ឋាភិបាល។ ក្រុមបាតុករបានចង្អុលបង្ហាញថា តួលេខផ្លូវការត្រូវបានកែសម្រួលដដែលៗពី ៣៨ ថ្ងៃ រហូតដល់ ១០០ ថ្ងៃ ក្នុងរយៈពេលដ៏ខ្លី ដែលនេះបង្ហាញពីភាពមិនគួរឱ្យជឿជាក់នៃព័ត៌មានដែលរដ្ឋាភិបាលបានផ្តល់ឱ្យ។

ទន្ទឹមនឹងនេះ ពួកគេក៏បានធ្វើការសម្តែងបង្ហាញជានិមិត្តរូបនូវទិដ្ឋភាពប្រជាជនឈរតម្រង់ជួរចាំទិញប្រេង ដើម្បីឌឺដងទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី អានុទីន ដែលធ្លាប់លើកឡើងថា កង្វះខាតប្រេងកើតចេញពីការភ័យស្លន់ស្លោរបស់ពលរដ្ឋ មិនមែនមកពីការខ្វះការផ្គត់ផ្គង់នោះឡើយ។ ដោយឡែក លោក Thatchapong បានលើកឡើងពីភាពមិនប្រក្រតីនៃវិស័យអគ្គិសនី ដោយបង្ហាញថា បច្ចុប្បន្នថៃមានថាមពលបម្រុងលើសតម្រូវការរហូតដល់ ៥០% (លើសពីស្តង់ដារបច្ចេកទេស ១៥%) ប៉ុន្តែពលរដ្ឋនៅតែត្រូវបង់ថ្លៃអគ្គិសនីខ្ពស់រហូតដល់ ៤,១៨ បាតក្នុងមួយយូនីត។

ក្រុមបាតុករបានរំលឹកដល់រដ្ឋាភិបាលចម្រុះអំពីសន្យាកាលពីបោះឆ្នោតថា នឹងបញ្ចុះតម្លៃឱ្យមកត្រឹម ៣ បាតក្នុងមួយយូនីត។ គួរបញ្ជាក់ថា គណៈកម្មការរៀបចំថាមពល (ERC) នឹងធ្វើការពិនិត្យឡើងវិញនូវអត្រាថ្លៃអគ្គិសនីសម្រាប់វដ្តបន្ទាប់ ខណៈដែលសាធារណជនកំពុងតាមដានយ៉ាងដិតដល់ថា តើរដ្ឋាភិបាលរបស់លោក អានុទីន នឹងមានវិធានការឆ្លើយតបយ៉ាងណាចំពោះសម្ពាធពីក្រុមសង្គមស៊ីវិលទាំងនេះ៕

Share.