ប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃច័ន្ទថា រដ្ឋមន្ត្រីសង្គ្រាម លោក Pete Hegseth គឺជាបុគ្គល “ដំបូងគេបង្អស់” នៅក្នុងរដ្ឋបាលរបស់លោក ដែលបានជំរុញឱ្យមានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

ក្នុងអំឡុងពេលកិច្ចពិភាក្សាតុមូលស្តីពីសុវត្ថិភាពសាធារណៈនៅទីក្រុង Memphis រដ្ឋ Tennessee លោក ត្រាំ បានបង្ហើបឱ្យដឹងថា លោកបានធ្វើការស្ទង់មតិជាមួយថ្នាក់ដឹកនាំយោធាកំពូលៗអំពីរបៀបដោះស្រាយស្ថានការណ៍នេះ ដោយលោក Hegseth បានផ្តល់យោបល់ភ្លាមៗឱ្យប្រើប្រាស់វិធានការយោធា ដើម្បីបញ្ឈប់របបសាសនានេះមិនឱ្យធ្វើអាវុធនុយក្លេអ៊ែរបានសម្រេច។
លោក ត្រាំ បានរំឮកថា៖ «ខ្ញុំបានហៅមនុស្សពូកែៗរបស់យើងជាច្រើននាក់មកពិភាក្សាគ្នា។ ខ្ញុំបាននិយាយថា “តោះយើងជជែកគ្នា យើងមានបញ្ហានៅមជ្ឈិមបូព៌ា។ យើងមានប្រទេសមួយឈ្មោះថាអ៊ីរ៉ង់ ដែលអស់រយៈពេល ៤៧ ឆ្នាំមកនេះ គឺជាអ្នកចែកចាយអំពើភេរវកម្ម ហើយពួកគេជិតសម្រេចបានអាវុធនុយក្លេអ៊ែរហើយ”»។
លោក ត្រាំ បានបន្ថែមទៀតថា៖ «Pete ខ្ញុំគិតថាលោក គឺជាមនុស្សដំបូងគេដែលបាននិយាយឡើង។ លោកបាននិយាយថា “ធ្វើវាទៅ ពីព្រោះលោកមិនអាចបណ្តោយឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានឡើយ”»។ លោក Hegseth ដែលអង្គុយនៅក្បែរលោក ត្រាំ បានងក់ក្បាល និងញញឹមតិចៗ នៅពេលដែលប្រធានាធិបតីកំពុងនិយាយ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការ “Epic Fury” កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយបានចូលរួមក្នុងការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមក យោធាអាមេរិកបានវាយប្រហារលើគោលដៅជាង ៩,០០០ កន្លែង និងបានធ្វើឱ្យខូចខាត ឬបំផ្លាញនាវាអ៊ីរ៉ង់ជាង ១៤០ គ្រឿង នេះបើយោងតាមទិន្នន័យពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក។
គិតមកទល់ពេលនេះ មានសមាជិកកងទ័ពអាមេរិក ១៣ នាក់បានបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នា ហើយជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។ កាលពីថ្ងៃច័ន្ទ មុនពេលផ្សារភាគហ៊ុនក្រុងញូវយ៉កបើកដំណើរការ លោក ត្រាំ បានប្រកាសផ្អាកការវាយប្រហាររយៈពេល ៥ ថ្ងៃ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយយោងលើ “ការពិភាក្សាដ៏ល្អ និងប្រកបដោយផ្លែផ្កា” ជាមួយរបបដែលកំពុងរងគ្រោះធ្ងន់ធ្ងរមួយនេះ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងក្រសួងការបរទេស និងប្រធានសភា លោក Mohammad Baqer Qalibaf បានបដិសេធថា មិនមានការចរចារវាងអាម៉េរិកនិងអ៊ីរ៉ង់កើតឡើងនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់ត្រឹមតែថា លោកបានជជែកជាមួយសមភាគីតួកគី ប៉ុណ្ណោះ មុនពេលមានការប្រកាសរបស់លោក ត្រាំ អំពីការចរចា។ ប្រទេសតួកគីធ្លាប់បានធ្វើជាអ្នកសម្រុះសម្រួលក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នាពេលកន្លងមក។
លោក ត្រាំ មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីអ៊ីរ៉ង់ជាប្រេសិតពិសេស ដែលលោក Steve Witkoff និងលោក Jared Kushner បានជួបចរចានោះទេ ដោយលោកលើកឡើងថា “ខ្ញុំមិនចង់ឱ្យពួកគេត្រូវគេសម្លាប់ឡើយ”។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណលោក Qalibaf ថាជាអ្នកដែលបានទាក់ទងនោះ។ ការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើគោលដៅ “ដែលមិនមែនជាផ្នែកថាមពល” នៅក្នុងប្រទេសអ៊ីរ៉ង់ នៅតែបន្តធ្វើឡើងដដែល។
បច្ចុប្បន្ន ចំណុចកណ្តាលនៃសង្គ្រាមបានផ្លាស់ប្តូរទៅកាន់ «ច្រកសមុទ្រ ហ័រមូស» ដែលជាផ្លូវទឹកដ៏សំខាន់នៅឆ្នេរសមុទ្រភាគខាងលិចរបស់អ៊ីរ៉ង់ ជាកន្លែងដែលប្រេងប្រហែល ១ ភាគ ៥ របស់ពិភពលោកត្រូវដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ឆ្នាំ។ អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះចាប់តាំងពីសង្គ្រាមចាប់ផ្តើម ដែលបណ្តាលឱ្យតម្លៃប្រេងពិភពលោកហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល៕

