(ស្វាយរៀង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធនាមខេត្តស្វាយរៀងថាជា «ប៉ូលសេដ្ឋកិច្ចដ៏សំខាន់» ដែលមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មឆ្លងដែន។ ក្នុងពិធីសម្ពោធរោងចក្រទឹកស្អាតតម្លៃ ៣០,៦ លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ សម្តេចធិបតីបានបង្ហាញជំនឿចិត្តថា ស្វាយរៀងនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំសម្បើមក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការរីកចម្រើននៃឧស្សាហកម្មនៅទីនេះ នឹងមិននៅទ្រឹងត្រឹមក្រុងបាវិតឡើយ ប៉ុន្តែនឹងរីកសាយភាយពេញផ្ទៃខេត្ត និងឈានទៅដល់ខេត្តព្រៃវែងក្នុងពេលឆាប់ៗ ប្រៀបដូចជាខ្សែសង្វាក់សេដ្ឋកិច្ចរវាងភ្នំពេញ និងព្រះសីហនុ។ សម្តេចបានកត់សម្គាល់ថា តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវថ្នល់ វានឹងជួយដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងជំរុញការបង្កើតការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និង កសិកម្ម ជាដើម។ ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និង កាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង ។ ជាមួយគ្នានេះ, គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា ។
បច្ចុប្បន្ន ស្វាយរៀងជាខេត្តឈរលេខ១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេបំផុតដល់ទៅ ១២ កន្លែង និងមានរោងចក្រ-ក្រុមហ៊ុនជាង ១,០០០ កន្លែង ដែលនេះជាគ្រឹះដ៏រឹងមាំសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕




អត្ថបទ៖ត្រយង
