ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធ Online Scam នៅផ្ទះលេខ ១៦០ ផ្លូវលេខ ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ការបង្ក្រាបបានចូលរួមពីកម្លាំងជំនាញ និងអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (ក្នុងនោះមានលិខិតឆ្លងដែន ៩ក្បាល) និងដកហូតវត្ថុបរិក្ខារបម្រើអំពើឆបោក រួមមាន កុំព្យូទ័រ All-in-one ៩គ្រឿង, CPU ៤គ្រឿង, អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។ ការសង្កេតជាក់ស្តែងបង្ហាញថាទីតាំងនេះពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស “កម្ចីប្រាក់ខុសច្បាប់” និងស្នាក់នៅខុសច្បាប់។ អាជ្ញាធរបានសម្រេចបិទទីតាំងនោះជាបណ្ដោះអាសន្ន ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់។
តាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជម្រាបថា ចាប់ពីឆ្នាំ ២០២៥ រហូតដល់សប្តាហ៍ទី ២ ខែមីនា ឆ្នាំ ២០២៦ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទទីតាំង Online Scam សរុបចំនួន ២៣៦កន្លែង ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ១៤៥កន្លែង។
តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធ Online Scam សរុប ៧៩សំណុំរឿង និងផ្តន្ទាទោសមេខ្លោង និងអ្នកពាក់ព័ន្ធចំនួន ៦៩៧នាក់ ដែលមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ។ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់បានគេចខ្លួនចេញពីប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនមែនជាគោលដៅសម្រាប់អំពើឆបោកបច្ចេកវិទ្យា និងអ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ។
អត្ថបទ៖ កណ្តាល

