បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៤៦-២៤៧ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹថា រថយន្តបង្កម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បើកបរក្នុងទិសពីភ្នំពេញទៅបាត់ដំបង ក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ចំណែក អ្នកបើករថយន្តបង្កក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ហើយកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់ថាជាអ្នកបើកផ្ទាល់ ឬមានអ្នកផ្សេងពាក់ព័ន្ធ និងនាំខ្លួនមកទទួលខុសត្រូវតាមច្បាប់។ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តបាត់ដំបង ខណៈសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីរៀបចំបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កណ្តាល

Share.