ឈុនបុរី៖ មិនឱ្យចាត់ទុកថៃចូលជាប្រទេសអសន្តិសុខយ៉ាងម៉េចកើត បើពិធីបុណ្យតន្ត្រីដ៏ធំប្រចាំឆ្នាំនៅកណ្ដាលក្រុងទេសចរណ៍ ប៉ាតាយ៉ា បែរជាបណ្ដោយឱ្យកើតមានហេតុការណ៍បាញ់ប្រហារ រហូតបណ្ដាលឱ្យស្ត្រី ២នាក់រងរបួសធ្ងន់។
ថ្មីៗប្រទេសថៃ បានរៀបចំកម្មវិធីបណ្យតន្ត្រី Pattaya Music Festival 2026 ដែលរំពឹងថានឹងផ្ដល់ភាពរីករាយនិងទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ សំឡេងតន្រ្តីកន្ត្រាក់អារម្មណ៍ក្នុងពិធីបុណ្យដ៏រីករាយនាថ្ងៃចុងសប្ដាហ៍ ត្រូវបានជំនួសដោយសំឡេងផ្ទុះអាវុធ និងសម្រែកភ័យខ្លាច ដង្ហើយរកពុទ្ធោវិញ បន្ទាប់ពីមានករណីបាញ់ប្រហារមួយបង្កឡើងដោយស្រ្តីវ័យ ៦០ឆ្នាំ ម្នាក់ ដោះស្រាយកំហឹងផ្ទាល់ខ្លួន ហ៊ានបាញ់សម្លាប់មនុស្សកណ្ដាលក្រុង បណ្តាលឱ្យស្រ្តី ២នាក់រងរបួសធ្ងន់។

យោងតាមសារព័ត៌មានថៃ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៤៦នាទីយប់ នៅក្បែរភោជនីយដ្ឋានមួយ ក្បែរផ្សារ Lan Pho។ ជនសង្ស័យឈ្មោះ ផនធីប (Porntip) អាយុ ៦០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើជនរងគ្រោះឈ្មោះ សុទិសា អាយុ ២៩ឆ្នាំ ចំក្បាលពោះ បណ្តាលឱ្យហូរឈាមជោគខ្លួន សន្លប់បាត់ស្មារតី ចំណែកឯស្រ្តីម្នាក់ទៀតឈ្មោះ ផាត់ឆារី អាយុ ៣៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងប្លាតចំកជើងឆ្វេង បង្កឱ្យផ្អើលឆោឡោពេញតំបន់ទេសចរណ៍មួយនេះ។


អ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺ ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនដាច់ចិត្តកាន់កាំភ្លើងមកបាញ់មនុស្សកណ្តាលក្រុងបែបនេះ គឺដោយសារតែមានអារម្មណ៍ស្រ្តេសពេក ព្រោះរងការរិះគន់តាមបណ្តាញសង្គម (Social Media) ជាបន្តបន្ទាប់ក្នុងរយៈពេលយូរមកហើយ។
ចំណុចដែលភ័យខ្លាចសម្រាប់ភ្ញៀវទេសចរណ៍នោះគឺភាពធូររលុង របស់អាជ្ញាធរថៃ ដែលបណ្ដោយឱ្យបុគ្គលសាមញ្ញម្នាក់ គ្មានតួនាទី ឬជាសមត្ថកិច្ច អាចកាន់អាវុធទំនើបជាប់ខ្លួន ហើយកាន់តែគួរឱ្យបារម្ភទៀតនោះនៅពេលដែលជនជាតិថៃ ពិសេសជាស្ត្រីទៅទៀត បែរជាយកបញ្ហា និងសម្ពាធផ្ទាល់ខ្លួន មកជះលើបុគ្គលស្លូតត្រង់ដែលមិនដឹងអ្វីសោះ ឱ្យត្រូវមករងគ្រោះថ្នាក់ទៅវិញ។



តាមរយៈរូបភាពហិង្សា និងការប្រើប្រាស់កាំភ្លើងបែបសេរីពេកក្នុងប្រទេសថៃ នេះសបញ្ជាក់ឱ្យឃើញថា កម្រិតនៃសីលធម៌ និងការគ្រប់គ្រងផ្លូវអារម្មណ៍ក្នុងសង្គមថៃ កំពុងស្ថិតក្នុងស្ថានភាពអាសន្ន។ គ្រាន់តែរឿង Social Media សោះ ក៏អាចក្លាយជាបញ្ហា បង្កហានិភ័យដល់ជនស្លូតត្រង់មិនដឹងអីទៅវិញ។
មែនទែនទៅ ប៉ាតាយ៉ា គឺជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក ប៉ុន្តែការដែលជនល្មើសអាចកាន់កាំភ្លើងដើរចូលក្បែរទីតាំងកន្លែងប្រគុំតន្ត្រីដែលមានមនុស្សរាប់ម៉ឺននាក់ វាបានបង្ហាញពីភាពទន់ជ្រាយនៃប្រព័ន្ធសុវត្ថិភាពរួចបាត់ទៅហើយ។



ដូច្នេះតើអ្នកទេសចរអាចមានទំនុកចិត្តយ៉ាងណា បើការបាញ់បោះអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែងបែបនេះ? ប្រសិនបើច្បាប់គ្រប់គ្រងអាវុធ និងការដាក់ទោសទណ្ឌនៅតែមានភាពធូររលុង នោះជីវិតមនុស្សនឹងកាន់តែគ្មានតម្លៃ។ ជាក់ស្ដែងករណីបាញ់ប្រហារនេះ មិនមែនជាករណីកើតឡើងថ្មីនោះទេ ព្រោះក្នុងពេលដំណាលគ្នាក៏មានករណីផ្ទុះអាវុធមួយទៀតនៅតំបន់ Bang Lamung ដែរ។
យ៉ាងណាក៏ដោយ ជនដៃដល់ត្រូវតែទទួលទោសឱ្យធ្ងន់ធ្ងរបំផុតចំពោះទង្វើប៉ុនប៉ងមនុស្សឃាត។ អាជ្ញាធរថៃមិនត្រូវយកលេសថា ជនបង្កមានបញ្ហាផ្លូវចិត្ត ឬ ស្ត្រេស មកធ្វើជាខែលបន្ធូរបន្ថយទោសបាននោះទេ ព្រោះទង្វើនេះបានបំផ្លាញទាំងជីវិតមនុស្ស និងបំផ្លាញទាំងមុខមាត់ប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ៕

