អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការបំភ្លៃខ្លឹមសារប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលក្រុមជនមានរបៀបវារៈនយោបាយទុច្ចរិត បានយកទៅបកស្រាយខុសពីការពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីជំហរសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន។ ក៏ប៉ុន្តែ ក្រុមអគតិបានមួលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យតែ ថៃឈប់ឈ្លានពាន» ដែលនេះគឺជាការញុះញង់ និងបំភ្លៃខុសពីខ្លឹមសារដើមទាំងស្រុង។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ជាថ្មីនូវជំហរផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
- មូលដ្ឋានច្បាប់៖ កម្ពុជាប្រកាន់ខ្ជាប់នូវផែនទីដែលគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម។
- យន្តការដោះស្រាយ៖ ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000)។
- គោលការណ៍យុត្តិធម៌៖ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីទាំងពីរ (កម្ពុជា និងថៃ) ត្រូវតែប្រគល់ដីឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមច្បាប់ និងមរតកព្រំដែនពីសម័យអាណានិគម។

ការប្តេជ្ញាចិត្តរបស់កម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំធ្វើការជាមួយភាគីថៃក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ ដើម្បីបង្កើតនូវ «ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងវិបុលភាព»។ កម្ពុជាប្រកាន់យកផ្លូវចរចាតាមបែបសន្តិវិធី និងផ្អែកលើច្បាប់ជាធំ ហើយដាច់ខាតមិនទទួលយកការកំណត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។
ក្រសួងការបរទេស សូមអំពាវនាវដល់សាធារណជន កុំជឿតាមការឃោសនាបោកប្រាស់របស់ក្រុមជនខិលខូច ដែលមានបំណងបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពជាតិ៕


អត្ថបទ៖ត្រយង
