ក្រចេះ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឈូសឆាយ និងរុករានដីព្រៃខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ។

តាមអាជ្ញាធរ ជនត្រូវចោទឈ្មោះ សែម ឆៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃព្រៃឡង់។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយផ្ទុយនឹងច្បាប់ ស្របតាមបញ្ញត្តិមាត្រា ៨៥១ ចំណុច ច នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។


ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តក្រចេះ ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

មន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងកំណត់មុខសញ្ញាអ្នកប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីថែរក្សាធនធានធម្មជាតិរបស់កម្ពុជា៕

អត្ថបទ÷ចុតុម្មុខ

Share.