អគ្គលេខាធិការអង្គការ Hezbollah លោក Sheikh Naim Qassem បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់ពិភពលោក ដោយបញ្ជាក់ថា កម្លាំងតស៊ូឥស្លាមនឹងមិនអត់ឱនជាដាច់ខាតចំពោះការរំលោភបំពានណាមួយរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ហើយបានសង្កត់ធ្ងន់ថា សមរភូមិគឺជាអ្នកសម្រេចចុងក្រោយក្នុងការតស៊ូប្រឆាំងនឹងសត្រូវស៊ីយ៉ូនីស។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលពោរពេញដោយឥទ្ធិពល លោក Sheikh Qassem បានលើកឡើងថា ជោគជ័យនៃនយោបាយលីបង់ ត្រូវតែទាញយកកម្លាំងពីជ័យជម្នះនៅលើសមរភូមិ ដើម្បីបង្ខំឱ្យអ៊ីស្រាអែលចុះចាញ់ និងប្រគល់អធិបតេយ្យភាព បូរណភាពទឹកដីពេញលេញមកឱ្យលីបង់វិញ។
ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែលោក Sheikh Qassem បានបញ្ជាឱ្យកងកម្លាំងតស៊ូទាំងអស់ដាក់ម្រាមដៃលើកៃកាំភ្លើង ត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបនឹងការឈ្លានពាន។ លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ត្រូវតែអនុវត្តពីភាគីទាំងសងខាង មិនមែនមានតែខាងក្រុមតស៊ូតែម្ខាងនោះទេ។
យ៉ាងណាមិញ Hezbollah បានដាក់ចេញនូវលក្ខខណ្ឌដាច់ខាតចំនួន ៥ សម្រាប់ជំហានបន្ទាប់រួមាន៖
១. បញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលទាំងស្រុង ទាំងតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក។
២. ដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីដែលកំពុងកាន់កាប់ឱ្យអស់ត្រឹមខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។
៣. ដោះលែងអ្នកទោសទាំងអស់។
៤. ធានាសុវត្ថិភាពដល់ប្រជាជនដែលភៀសខ្លួន ឱ្យវិលត្រឡប់ទៅកាន់ភូមិឋានវិញ។
៥. ចាប់ផ្តើមការស្តារ និងកសាងប្រទេសឡើងវិញយ៉ាងទូលំទូលាយ។
ជាចុងក្រោយ លោក Sheikh Naim Qassem បានបញ្ជាក់យ៉ាងមុតមាំថា ទាំងអ៊ីស្រាអែល និងមហាអំណាចណាមួយក្នុងលោក គឺមិនអាចបំបាក់ស្មារតីតស៊ូរបស់លីបង់បានឡើយ ជាពិសេសក្រោយការបូជាដ៏ខ្ពង់ខ្ពស់របស់លោកម្ចាស់ Sayyed Hasan Nasrallah និងវីរបុរសដទៃទៀត។ លោកថា លីបង់នឹងនៅតែបន្តងើបមុខឡើងខ្ពស់ ដោយសារស្មារតីលះបង់របស់កូនចៅខ្លួន។ នេះបើតាមសារព័ត៌មាន ilkha នៅថ្ងៃនេះ៕

