កំពង់ធំ៖ ព្រៃឈើសហគមន៍អូរក្រញូង ស្ថិតក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានរងការកាប់ទន្ទ្រានថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងចាត់វិធានការភ្លាមៗ។

នៅចុងសប្តាហ៍នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងប្រធានសហគមន៍ព្រៃឈើអូរក្រញូង ចុះពិនិត្យទីតាំងជាក់ស្តែង។

លោក ម៉ៅ ធា ប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានឱ្យដឹងថា ផ្ទៃដីសហគមន៍មានទំហំសរុបជាង ១,៦០០ហិកតា បច្ចុប្បន្ននៅសល់ប្រមាណជាង ១,២០០ហិកតា ខណៈជាង ៤០០ហិកតា ត្រូវបានកាប់ទន្ទ្រានកន្លងមក។

ចំណែកលោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បញ្ជាក់ថា ផ្ទៃដីដែលរងការកាប់ទន្ទ្រានក្នុងការចុះពិនិត្យលើកនេះ មានទំហំ ៩ហិកតា ១៥អា ក្នុងនោះជាង ៣ហិកតា ត្រូវបានកាប់ថ្មីក្នុងឱកាសចូលឆ្នាំខ្មែរ ខណៈជាង ៦ហិកតាទៀត អាចត្រូវបានកាប់ពីមុន ហើយទើបមានការដុតសម្អាតថ្មីៗនេះ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានព្រៃឈើ និងបានណែនាំឱ្យសមត្ថកិច្ចជំនាញ សហការជាមួយសហគមន៍ ស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ។

ក្នុងឱកាសនោះផងដែរ លោកក៏បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងភេសជ្ជៈ ដល់កម្លាំងការពារ ព្រមទាំងបញ្ជាឱ្យបង្កើនការយាមល្បាត ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានជាថ្មី និងរក្សាទុកដីរងគ្រោះឱ្យព្រៃធម្មជាតិដុះឡើងវិញជាសម្បត្តិរដ្ឋ៕

អត្ថបទ÷កំពង់ធំ

Share.