វត្តមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននៅប្រទេសថៃ នាពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានចាប់អារម្មណ៍ប្រធានបទដ៏ក្ដៅគគុកមួយដែលភាគីចិន បានផ្ដោតជាសំខាន់ឱ្យប្រទេសថៃ ត្រូវតែអនុវត្តជាចាំបាច់នោះគឺការបង្ក្រាប និងសម្អាតបណ្ដាញឆបោកនៅក្នុងប្រទេសថៃឱ្យស្អាត ព្រោះតែមានប្រជាជនចិនរាប់ម៉ឺននាក់បានធ្លាក់ក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះខាតបង់ប្រាក់ដល់ពាក់កណ្ដាលពាន់លានដុល្លារឯណោះ។ នៅក្នុងជំនួបទ្វេរភាគីនោះ អ្វីដែលរដ្ឋមន្ត្រីការបរទេសចិន សង្កត់ធ្ងន់ គឺជំរុញឱ្យរដ្ឋបាលទីក្រុងបាងកកត្រូវបង្កើនកិច្ចប្រឹងប្រែងបោសសម្អាតបណ្តាញឆបោកក្នុងប្រទេសខ្លួន។

គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ ថៃ បានតាំងខ្លួនជាអ្នកប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ ដោយក្នុងនោះរបាយការណ៍បានបង្ហាញថាមានជនជាតិចិនប្រមាណ ១៥,០០០នាក់ បានធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកឆ្លងដែន ដែលបង្កឱ្យមានការខាតបង់ទឹកប្រាក់សរុបជាង ៥០០លានដុល្លារអាមេរិក។

យោងតាមការបញ្ជាក់ពីអាជ្ញាធរសន្តិសុខ ឧក្រិដ្ឋកម្មក្នុងឆ្នាំ២០២៦ នេះ មានភាពស្មុគស្មាញជាងឆ្នាំមុនៗ ដោយសារការប្រើប្រាស់បច្ចេកវិទ្យា Deepfake AI កម្រិតខ្ពស់ ដើម្បីក្លែងបន្លំជារូបភាព និងសំឡេងរបស់មន្ត្រីរដ្ឋាភិបាលចិន ឬសាច់ញាតិជនរងគ្រោះ។ ក្រៅពីការបោកប្រាស់តាមទូរស័ព្ទ (Call Center) បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតគឺការជួញដូរកម្លាំងពលកម្ម។ យុវជនចិនជាច្រើនត្រូវបានមេខ្យល់អូសទាញមកកាន់ប្រទេសថៃ ក្រោមរូបភាពការងារឌីជីថលប្រាក់ខែខ្ពស់ ប៉ុន្តែធាតុពិតពួកគេត្រូវបានបញ្ជូនទៅកាន់តំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន ដើម្បីបង្ខាំងឱ្យធ្វើការជាអ្នកឆបោកបន្ត។

អ្នកដែលប្រកែកមិនព្រមធ្វើតាម ត្រូវប្រឈមនឹងការទារុណកម្មយ៉ាងធ្ងន់ធ្ងរ ឬតម្រូវឱ្យគ្រួសារបង់ប្រាក់លោះទើបមានសេរីភាព។ ចាប់ពីដើមឆ្នាំ២០២៦ មក អាជ្ញាធរថៃ សហការជាមួយក្រសួងសន្ដិសុខសាធារណៈចិន បង្ក្រាបបានទីតាំងសង្ស័យជាង ២០០កន្លែងក្នុងទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ដោយបានចាប់ខ្លួនមេខ្លោងធំៗចំនួន ១២នាក់ និងសមាជិកបណ្តាញជាង ៥០០នាក់។

ទោះបីជាមានការបង្ក្រាប និងបញ្ជូនជនរងគ្រោះដែលត្រូវបានបង្ខាំងទុកចំនួន ៣,២០០នាក់ ត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាពក៏ដោយ ក៏ព័ត៌មានអវិជ្ជមានដែលចែកចាយលើបណ្តាញសង្គមចិន បានធ្វើឱ្យចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃមានការប្រែប្រួល។

ត្បិតថៃប្រឹងសម្ដែងជាតួឯកបង្ក្រាបស្កេមម័រ ប៉ុន្តែអ្នកវិភាគបានលាតត្រដាងការពិតដ៏ខ្មៅកខ្វក់នៅពីក្រោយរូបភាពប្រឹងប្រែងលុបបំបាត់អំពើឆបោកទាំងអស់នោះ គឺមានការចូលរួម Backup ក្រុមឧក្រិដ្ឋជនពីមបុគ្គលមានឥទ្ធិពលឬអំណាច ក្នុងតំបន់ មន្ត្រីខិលខូចក្នុងជួររដ្ឋាភិបាល ដែលចាំបើកដៃ និងផ្ដល់ការអនុគ្រោះ ទើបឱ្យការអនុវត្តច្បាប់មានភាពចន្លោះប្រហោង។

ដូច្នេះការបង្ហាញវត្តមានលើកនេះ គឺចង់បង្ហាញថាការបង្ក្រាបបណ្តាញឆបោកតាមអនឡាញក្នុងឆ្នាំ ២០២៦ នេះ មិនមែនគ្រាន់តែការចុះចាប់ខ្លួនឱ្យតែបានហើយថតបង្ហាញនោះទេ តែត្រូវការការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត ហើយថៃត្រូវស្មោះត្រង់សម្អាតផ្ទៃក្នុងជួរមន្ត្រីថៃខ្លួនឯង ទើបអាចស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញបាន៕

ប្រភព៖ Khaosod English ​, rthk.hk , China daily , Vietnam plus , UN , Thaipoliceonline , China-Thailand joint operation 2026 digital crime, UN

Share.