នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ដោយអនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ទីតាំងនានា ដើម្បីបង្ការកុំឱ្យមេខ្យល់​អនឡាញ​ (Scam) លួចពួនសម្ងំក្នុងដែនដីខេត្តកណ្ដាល។

ការត្រួតពិនិត្យនេះ ផ្ដោតសំខាន់ទៅលើទីតាំងខុនដូ បុរី ផ្ទះសំណាក់ ផ្ទះជួល និងកន្លែងស្នាក់នៅប្រមូលផ្តុំនានា នៅទូទាំងក្រុងអរិយក្សត្រ ក្នុងគោលបំណងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ជាពិសេស ការត្រួតពិនិត្យនេះធ្វើឡើងដើម្បី បង្ការ និងទប់ស្កាត់ ការប្រើប្រាស់ទីតាំងទាំងនោះសម្រាប់ប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាអាទិ៍ បទល្មើស Scam តាមប្រព័ន្ធអនឡាញ។

សមត្ថកិច្ចខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការផ្តល់ព័ត៌មានជាបន្ទាន់ ប្រសិនបើឃើញមានទីតាំងណាមួយដែលសង្ស័យថាមានការប្រមូលផ្តុំមនុស្ស ឬសកម្មភាពខុសធម្មតាអាចពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ឬបទល្មើសដទៃទៀត។

ការផ្តល់ព័ត៌មានទាន់ពេលវេលាពីសំណាក់បងប្អូនប្រជាពលរដ្ឋ នឹងជួយឱ្យសមត្ថកិច្ចអាចចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបបានយ៉ាងទាន់ហេតុការណ៍ រួមគ្នាការពារសុវត្ថិភាពសង្គម និងទ្រព្យសម្បត្តិប្រជាពលរដ្ឋឲ្យបានគង់វង្ស។

ដោយឡែករដ្ឋបាលខេត្តកណ្ដាល បានបន្តប្រកាន់ជំហរមិនអត់ឱនចំពោះរាល់សកម្មភាពខុសច្បាប់ដែលប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដោយដាក់ការបង្ការ និងបង្ក្រាបជាអាទិភាពកំពូល៕

Share.