ភ្នំពេញ៖ យោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ បានបង្ហោះថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានចូលរួមសំណេះសំណាលលើកទឹកចិត្ត និងអបអរដល់ជនជាប់ឃុំចំនួន ១៤នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ទទួលបានពិន្ទុខ្ពស់ផងដែរ ពីកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៉ិនធឺណិត(BEEP) កម្រិតថ្នាក់ឌីប្លូម ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការគាំទ្រពីនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃអគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានបរិវត្តន៍កម្មឌីជីថល-ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអង្គការស៊ីប៉ា និងអង្គការយូណេស្កូ។


បន្ថែមលើការអបអរដោយក្តីសោមនស្សជូនអ្នកដែលប្រឡងជាប់ដោយជោគជ័យ លោកក៏បានផ្ដាំផ្ញើដល់ជនជាប់ឃុំទាំង ១៤រូប ត្រូវខិតខំបន្តរៀនសូត្រទាំងចំណេះទូទៅ ទាំងលើមុខជំនាញវិជ្ជាជីវៈដទៃទៀត ដែលខ្លួនមាននិស្ស័យជាមួយ ដើម្បីអនាគតភ្លឺស្វាង និងប្រែខ្លួនជាពលរដ្ឋល្អ មានវិន័យក្នុងខ្លួន ដើម្បីជាធនធានដែលមានប្រយោជន៍សម្រាប់សង្គម។
ទោះបីអង្គការស៊ីប៉ាបានសម្រេចផ្អាកការផ្តល់ជំនួយឧបត្ថម្ភដល់កម្មវិធី BEEP នេះនៅកម្ពុជា ដោយសារកង្វះមូលនិធិក្តី មណ្ឌលនឹងប្តេជ្ញាបន្តកម្មវិធីនេះដោយពុំចាំបាច់ពឹងផ្អែកលើថវិកាជំនួយរបស់អង្គការស៊ីប៉ាទៀតទេ ព្រមទាំងពង្រីកសកម្មភាពរៀនតាមប្រព័ន្ធអ៊ីនធឺណែតនេះ ជូនជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ឲ្យកាន់តែទូលំទូលាយជាងមុនទៅទៀត។


ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង មណ្ឌលក៏បានឧបត្ថម្ភជូនប្អូនៗទាំង ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀលផងដែរ។
អត្ថបទ៖ ចតុម្មុខ

