អាជីវករលក់ធុរេន ២នាក់ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ក្រោមបទចោទ «ផ្ដើមគំនិត និងប្រព្រឹត្តបទល្មើសលួចនាំចូលទំនិញគេចពន្ធ» បន្ទាប់ពីកម្លាំងនគរបាលសេដ្ឋកិច្ចរកឃើញសកម្មភាពនាំចូលធុរេនពីថៃតាមច្រក កាប៊ីន ក្នុងស្រុកភ្នំព្រឹក ចំនួន ៣លើក ដោយគ្មានការអនុញ្ញាត។

ស្ត្រីជាអ្នកលក់ផ្លែទុរេន២នាក់ត្រូវបានបញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធនឹងការនាំចូលផ្លែទុរេនខុសច្បាប់ពីប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលបីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនស្ត្រីឈ្មោះ ត្រឿន សាក់ឡែន ទៅសាកសួរកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ឆ្លងតាមការស៊ើបអង្កេតបានបង្ហាញថា កាលពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ ព្រឿន សាក់ឡែន បានទទួលការបញ្ជាទិញទំនិញពីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ ២៦ឆ្នាំ ដើម្បីនាំចូលផ្លែធុរេនពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាចំនួន ៣ លើក។ ការនាំចូលនេះត្រូវបានធ្វើឡើងតាមច្រករបៀងតំបន់អូររំដួល ឬហៅថាកាប៊ីន ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយពុំមានការអនុញ្ញាត និងពុំបានបង់ពន្ធគយតាមបទប្បញ្ញត្តិជាធរមានឡើយ។
ផ្អែកលើភស្តុតាង និងចម្លើយសារភាព តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ព្រំ សុខណយ ពីបទផ្ដើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ និងចោទប្រកាន់ឈ្មោះ ព្រឿន សាក់ឡែន ពីបទលួចនាំចូលទំនិញគេចពន្ធ ដែលបទល្មើសទាំងនេះមានចែងក្នុងមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។ បច្ចុប្បន្ន សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីបន្ត។

សូមជម្រាបផងដែរថា មាត្រា២៨ នៃក្រមព្រមទណ្ឌបានចែងអំពី អ្នកផ្ដើមគំនិតក្នុងការប្រព្រឹទ្ធបទល្មើស តាមរយៈការណែនាំ ឬបញ្ជា ការផ្ដល់អំណោយ ការសន្យា ញុះញង់លួងលោម គំរាមកំហែង ឬរំលោភអំណាចជាងដើម នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់(ចារី)ដែរ។ ចំណែកមាត្រា ៧៥ នៃច្បាប់ស្តីពីគយ បានចែងថា ជនណាដែលរំលោភបំពានលើបញ្ញត្តិ នាំចូលទំនិញដោយគ្មានការអនុញ្ញាត ត្រួពិនិត្យត្រឹមត្រូវ និងគេចពន្ធ ត្រូវផ្តន្ទាទោសរដ្ឋបាល ដោយពិន័យជាប្រាក់រហូតដល់ ៣ដង នៃតម្លៃទំនិញនិងមធ្យោបាយដឹកជញ្ជូន និងត្រូវរងទោសទណ្ឌតាមផ្លូវតុលាការ ដោយរឹបអូសទំនិញ មធ្យោបាយដឹកជញ្ជូន និងវត្ថុផ្សេងទៀត ដែលប្រើប្រាស់សម្រាប់លាក់បំបាំងទំនិញល្មើស ឬ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ ប្រាំឆ្នាំ ឬ ទោសណាមួយនៃទោសទាំងពីរ។
ការចាត់វិធានការច្បាប់នេះបានឆ្លុះបញ្ចាំងពីការរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលផ្លែធុរេនពីក្រៅប្រទេស ដែលជាបញ្ហាកំពុងត្រូវបានគេជជែកវែកញែកយ៉ាងចម្រូងចម្រាស។

ស្របពេលជាមួយគ្នា នៅមុនចំណាត់ការលើអ្នកលក់ទុរេនទាំងពីរនាក់ខាងលើនេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែធុរេនស្រស់ ដោយបង្គាប់ឱ្យមន្ត្រីគយតាមបណ្ដាសាខា និងការិយាល័យទូទាំងប្រទេស បង្កើនការតាមដាន និងទប់ស្កាត់រាល់ការនាំចូលធុរេនដែលមានដើមកំណើតពីប្រទេសថៃ តាមគ្រប់រូបភាព មិនថាតាមច្រករបៀង ឬដឹកជញ្ជូនឆ្លងកាត់ប្រទេសជិតខាងឡើយ។ ចំពោះការនាំចូលពីប្រភពផ្សេងទៀត តម្រូវឱ្យមានវិញ្ញាបនបត្រភូតគាមអនាម័យត្រឹមត្រូវពីប្រទេសនាំចេញ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មក្នុងស្រុក៕

