រដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ថា យន្តការការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីនិតីសមុទ្រ (UNCLOS) ទាមទារឱ្យមានការយល់ព្រមពីភាគីទាំងសងខាងជាមុនសិន។ ភាគីថៃ​មិន​បាន​យល់ព្រម​ចំពោះ​យន្តនេះឡើយ។

តាមរយៈសារព័ត៌មាន Ch7 News បានផ្សាយនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះថា ច បានឆ្លើយតបទៅនឹងការអះអាងរបស់ភាគីកម្ពុជា ដែលថាភាគីថៃបានយល់ព្រមប្រើប្រាស់អនុសញ្ញា UNCLOS ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលវិវាទដែនសមុទ្រ។

លោក សីហស័ក្ដិ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបដិសេធចំពោះបណ្ដាព័ត៌មានកម្ពុជាបានចុះផ្សាយ ដោយអះអាងថាភាគីថៃបានយល់ព្រមចូលរួមក្នុងដំណើរការការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីនិតីសមុទ្រ (UNCLOS)។

លោកបានបញ្ជាក់ថា យន្តការការផ្សះផ្សាដោយបង្ខំនេះ ទាមទារឱ្យមានការយល់ព្រមពីភាគីទាំងសងខាងជាមុនសិន។ លោកបានកត់សម្គាល់ថា ភាគីកម្ពុជាហាក់ដូចជាតែងតែសន្និដ្ឋានយកមតិផ្ទាល់ខ្លួន មុនពេលចាប់ផ្តើមការចរចា ដែលនេះអាចជាស្ទីលនៃការចរចាដើម្បីស្វែងរកប្រៀបឈ្នះ។ លោកបន្ថែមថា ការព្យាយាមធ្វើសេចក្តីថ្លែងការណ៍តែឯកតោភាគីបែបនេះ មិនគួរកើតមានឡើងនោះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះបានសង្កត់ធ្ងន់ដើម្បីឱ្យប្រជាពលរដ្ឋថៃមានទំនុកចិត្តបាន ការចរចានឹងមិនធ្វើឱ្យភាគីថៃចាញ់ប្រៀបនោះឡើយ។ លោកបានបញ្ជាក់សារជាថ្មីថា គោលដៅចម្បងគឺការស្តារទំនាក់ទំនងឡើងវិញ មិនមែនជាការជជែកគ្នាដើម្បីឱ្យភាគីម្ខាងទៀតយកទៅអះអាងថា ជាជ័យជម្នះរបស់ខ្លួននោះទេ៕

Share.