ផ្ទៃទឹកដែលធ្លាប់តែខ្មៅងងឹត ពោរពេញដោយសម្រាម សម្បូរមូស និងដុះណែនណាន់តាន់តាប់ដោយកំប្លោក ឥឡូវនេះបានប្រែប្រួលមុខមាត់ថ្មី ទៅជាខ្សែទឹកដ៏ថ្លាដែលកំពុងតែហូរយ៉ាងរលូន។ មុខមាត់ថ្មីនៃប្រឡាយនេះ កើតចេញពីកិច្ចសហការយ៉ាងស្អិតរមួត និងការរួមដៃគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការបើកមុខទឹក និង​ស្ដារប្រឡាយដែលមានប្រវែងជិត ៧ គីឡូម៉ែត្រ រាប់ចាប់ពីតំបន់ចោមចៅ១ ចោមចៅ២ រហូតដល់​ចោមចៅ៣ ចាក់តម្រង់​រហូតដល់តំបន់មុំបី ដែលជាចំណុចប្រសព្វនៃព្រំប្រទល់ខណ្ឌទាំងបីរបស់រាជធានីភ្នំពេញ គឺខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ។
សូមចុចអាន៖ លោក ប៉ាង លីដា បង្ហាញយុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង

សកម្មភាពនៃការរួមដៃគ្នាកាយកំប្លោក សម្អាតសម្រាម ក្នុងគោលដៅចម្បងគឺការរំដោះទឹកជំនន់ និងការរៀបចំ សណ្ដាប់ធ្នាប់ រហូតឈានទៅដល់ការកសាងជញ្ជាំងប្រឡាយយ៉ាងមានរបៀបរៀបរយ បានបំប្លែង​ប្រឡាយ​ដែលធ្លាប់តែមានទឹកស្អុយកាលពីពេលមុន មកជាខ្សែទឹកដ៏មានជីវិត ដែលអាចឱ្យប្រជាពលរដ្ឋ​អុំទូកលេង​កម្សាន្តបាន​យ៉ាងសប្បាយរីករាយ។ ផ្ដើមចេញពីរបត់ថ្មីនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបង្ហាញ​ការរំពឹង​ទុកយ៉ាងមុតមាំថា ផែនការរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាននេះ នឹងប្រែក្លាយតំបន់​ប្រឡាយ​ទឹកស្អុយ​ពីមុន ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នាពេលខាងមុខដ៏ខ្លីនេះ។

លោក ប៉ាង លីដា ត្រូវបានគេស្គាល់ថាជាមន្ត្រីគំរូដ៏សកម្មមួយរូប ដែល​តែងតែ​ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តម សាយ សំអាល់, ឯកឧត្តម ជា សុផារ៉ា និងថ្នាក់ដឹកនាំផ្សេងៗទៀត។ ជាពិសេស លោកទទួលបាននូវការការណែនាំ និងលើកទឹកចិត្ត ជាប្រចាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលលោកតែងតែជួយជ្រោមជ្រែងនិងឈរនៅពីក្រោយ ធ្វើឱ្យ ការងារដឹកនាំ និងសម្របសម្រួល​រដ្ឋបាលខណ្ឌព្រំដែន​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន។ ដើម្បីជម្នះរាល់ឧបសគ្គលើការងាររៀបចំសណ្ដាប់ធ្នាប់ និងការស្ដារប្រឡាយ ប្រវែងជាង ១០គីឡូម៉ែត្រ​ក្នុង​រយៈពេល​​ជាង៦ខែ​កន្លងមកនេះ លោក ប៉ាង លីដា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រផ្ទាល់ខ្លួន​ដ៏មុតស្រួចចំនួន ២ គឺ៖ យុទ្ធសាស្ត្រ «ស៤» និងយុទ្ធសាស្ត្រ «ញញួរប្រជាពលរដ្ឋ»។ យុទ្ធសាស្ត្រទាំងនេះ មិនត្រឹមតែជាឧបករណ៍ សម្រាប់ឆ្លុះបញ្ចាំងលើការងារនោះទេ ប៉ុន្តែជាស្ពាន​ចម្លង​ក្នុងការជម្នះចិត្តប្រជាពលរដ្ឋ និងឈានទៅដោះស្រាយ ផលប៉ះពាល់ដោយសន្តិវិធី។ ទន្ទឹមនឹងនេះ ក្ដីកង្វល់ដ៏ធំមួយរបស់អាជ្ញាធរ គឺបន្ទាប់ពី​ប្រឡាយ​នេះស្អាតហើយ គឺការថែទាំ។ ព្រោះថា ទោះជាគ្រឿង​ចក្រ​ល្អ​ប៉ុនណា កម្លាំងអាជ្ញាធរ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ ក៏មិនអាចខ្វះបាននូវ​ការចូលរួម​ពីវិស័យ​ឯកជន និងជាពិសេសគឺស្មារតីភ្ញាក់រលឹករបស់បងប្អូន​ប្រជាពលរដ្ឋ​​ផ្ទាល់ក្នុងការរួមគ្នាថែរក្សានោះឡើយ។

ជារួមមកវិញ ការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រឡាយដែល ធ្លាប់តែរងការរិះគន់ មកជាកន្លែងដែល អាចអុំទូក លេងកម្សាន្ត និង មាន បរិស្ថាន​បៃតង គឺមិនមែនកើតឡើងដោយចៃដន់នោះឡើយ គឺកើតឡើងដោយសារមានការតម្រង់​ទិស​ពី​ថ្នាក់ដឹក​នាំ​រាជធានីភ្នំពេញ កិច្ចសហការរវាងរដ្ឋបាលខណ្ឌពាក់ព័ន្ធ ព្រមទាំងមានការចូលរួម​ពី​ប្រជាពលរដ្ឋផងដែរ។ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ នឹងជំរុញឲ្យការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ។

សកម្មភាពនិងសិល្បៈនៃការសម្របសម្រួលបែប «ឈ្នះ-ឈ្នះ» លើការរៀប​ចំ​សណ្ដាប់ធ្នាប់ និងការស្ដារ​ប្រឡាយ​របស់​លោក ​ប៉ាង លីដា នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ នៅក្នុងជំនួប​សម្តែង​ការ​គួរសម នាថ្ងៃទី២៧ តុលា ឯកឧត្តម​អភិ​សន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​កោតសរសើរថា សកម្មភាព​របស់លោក ប៉ាង លីដា បានផ្ដល់​មេរៀន និង​បទពិសោធន៍​ជាច្រើន ពិសេស​គឺការប្រើប្រាស់ពាក្យពេចន៍ និងវិធីសាស្ត្រ​ចរចា​ដោះស្រាយ​បញ្ហានៅកន្លែងកើតហេតុ​ជាក់ស្ដែង​ជាមួយ​ពលរដ្ឋ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឱ្យអភិបាលរងខណ្ឌ ពោធិ៍សែនជ័យរូបនេះ បន្តសកម្មភាព​គំរូ​នេះ​ទៅមុខទៀត ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ ដើម្បីទទួលបានផលប្រយោជន៍រួមត្រលប់មកវិញដូចជាផ្លូវស្អាត បរិស្ថានល្អ គ្មានការជន់លិច ងាយស្រួលរស់នៅ ពិសេសធ្វើតម្លៃដីធ្លីឡើងថ្លៃថែមទៀតផង៕

Share.