រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»។

ការកំណត់យកថ្ងៃទី២៧ ខែមិថុនា ជាដរៀងរាល់ឆ្នាំជាទិវាជាតិនេះ គឺត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដែលស្របទៅនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលបំណងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០។ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងមានភាពមិនច្បាស់លាស់ និងការប្រែប្រួលយ៉ាងឆាប់រហ័ស។
ការរៀបចំទិវាជាតិលើកទី៣ ក្នុងឆ្នាំ២០២៦ នេះ មានគោលបំណងសំខាន់ៗចំនួនប្រាំ រួមមាន ទីមួយ គឺការផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែង ក្នុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។ ទីពីរ គឺការបង្កើតវេទិកាតភ្ជាប់រវាងសហគ្រាសទាំងនោះជាមួយទីផ្សារ អ្នកផ្គត់ផ្គង់ វិនិយោគិន គ្រឹះស្ថានហិរញ្ញវត្ថុ វេទិកាពាណិជ្ជកម្មឌីជីថល និងសហគ្រាសធំៗ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃនិងជំរុញការផ្គត់ផ្គង់ក្នុងស្រុក។ ទីបី គឺការលើកកម្ពស់ស្មារតីស្នេហាជាតិនិងការគាំទ្រផលិតផលក្នុងស្រុក តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ផលិតផលដែលមានស្លាកសញ្ញា «ផលិតនៅកម្ពុជា» ដែលមានគុណភាព សុវត្ថិភាព ស្តង់ដា និងការវេចខ្ចប់ប្រកបដោយសោភ័ណភាព។ ទីបួន គឺការលើកទឹកចិត្តឱ្យសហគ្រាសប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ក្នុងការធ្វើទំនើបកម្មផលិតកម្ម ការគ្រប់គ្រងអាជីវកម្ម និងការធ្វើទីផ្សារ។ ទីប្រាំ គឺការប្តេជ្ញាពង្រឹងភាពធន់នៃសហគ្រាស ក្នុងបរិបទភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការប្រកួតប្រជែងតំបន់ និងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មអន្តរជាតិ។

ដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពអធិកអធម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការណែនាំមួយចំនួនដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា។ ក្នុងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវទទួលបន្ទុកចម្បងក្នុងការរៀបចំទិវាជាតិ ព្រមទាំងផលិតវីដេអូនិងឯកសារផ្សព្វផ្សាយ ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានមានភារកិច្ចណែនាំដល់ប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងគ្រប់បណ្តាញសារព័ត៌មាន ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញសង្គម ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី និងខ្លឹមសារឯកសារនានានៃទិវាជាតិនេះឱ្យបានផុសផុលបំផុត។ សម្រាប់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគាំទ្រតាមការស្នើសុំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅតាមលទ្ធភាពរៀងៗខ្លួន។
បន្ថែមលើនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមអង្គភាព និងទីសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦។ ពាក្យស្លោកទាំងនោះត្រូវផ្ដោតលើខ្លឹមសារគន្លឹះៗដូចជា ការប្រើប្រាស់ផលិតផលខ្មែរឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិ ការបង្កើតការងារនិងបង្កើនចំណូល ការបង្កើតមោទនភាពជាតិ ក៏ដូចជាការបង្ហាញពីភាពធន់នៃសហគ្រាសដែលធ្វើឱ្យសេដ្ឋកិច្ចខ្មែររឹងមាំ និងប្រទេសជាតិរុងរឿង។ ខ្លឹមសារបដាក៏ត្រូវសង្កត់ធ្ងន់លើការផ្គត់ផ្គង់ ផលិត និងវេចខ្ចប់ដោយខ្មែរ ដើម្បីការរីកចម្រើនសម្រាប់ទាំងអស់គ្នា ការសាងស្ពានពីផលិតផលខ្មែរឆ្ពោះទៅកាន់ទីផ្សារជាតិនិងអន្តរជាតិ ព្រមទាំងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគ្រាសកម្ពុជា។ រាជរដ្ឋាភិបាលបានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕



