បច្ចេកវិទ្យា AI Deepfake កាន់តែមានភាពវៃឆ្លាត និងក្លាយជាបញ្ហាប្រឈម ដ៏គួរឱ្យព្រួយបារម្ភ ដោយជនខិលខូចអាចយកវាទៅប្រើក្នុងគោលបំណងឆបោកបានតាមវិធីជាច្រើនដែលនឹកស្មានមិនដល់។

AI Deepfake គឺជាបច្ចេកវិទ្យាម្យ៉ាងដែលប្រើប្រាស់ បញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បី បង្កើត ឬកាត់តខ្លឹមសារឌីជីថល (វីដេអូ រូបភាព ឬសំឡេង) ឱ្យមើលទៅ ឬស្ដាប់ទៅដូច ជាមនុស្សពិតប្រាកដ។ ពាក្យនេះមកពីការបូកបញ្ចូលគ្នារវាង “Deep Learning” (ការរៀនសូត្រស៊ីជម្រៅរបស់ម៉ាស៊ីន) និង “Fake” (ក្លែងក្លាយ)។
ថ្ងៃនេះក្រុមការងារសារព័ត៌មាន ត្រយង នឹងធ្វើការដក់ស្រងអត្ថបទចំណោះដឹង និងរបៀបការពារខ្លួន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចែករំលែកអំពីការបោកប្រាស់តាមរយៈ Deepfake ដូចតទៅ៖

១. ការបោកប្រាស់តាមរយៈវីដេអូខល (Video Call Scam)៖ ការប្រើប្រាស់ AI ដើម្បីក្លែងបន្លំមុខមាត់ និងសំឡេងរបស់អ្នកក្នុងពេលខលវីដេអូជាក់ស្តែង ដើម្បីខ្ចីប្រាក់ ឬបញ្ជាឱ្យផ្ទេរប្រាក់ជាបន្ទាន់។
២. ការក្លែងបន្លំសំឡេង (Voice Cloning)៖ លួចចម្លងសំឡេងរបស់អ្នក ដើម្បីទូរស័ព្ទ ឬផ្ញើរសារសម្លេងទៅបោកលុយអ្នកដទៃ។
៣. ការបង្កើតរូបភាព និងឯកសារក្លែងក្លាយ៖ កាត់តរូបភាព ឬវីដេអូដើម្បីបន្លំអត្តសញ្ញាណក្នុងគោលបំណងឆបោកអ្នកដទៃ។
ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចបោកប្រាស់នេះ លោកអ្នកគួរអនុវត្ត ៤ ចំណុច៖
១. កំណត់ “ពាក្យសម្ងាត់គ្រួសារ” ដែលដឹងតែក្នុងចំណោមសមាជិកគ្រួសារ។
២. សង្កេតមើលភាពមិនប្រក្រតី៖ ពិនិត្យមើលការព្រិចភ្នែក ចលនាមាត់ និងស្រមោលនៅលើផ្ទៃមុខ។
៣. កុំប្រញាប់ផ្ទេរប្រាក់៖ ត្រូវចុចបិទសិន រួចខលទៅកាន់លេខទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីសួរនាំបញ្ជាក់។
៤. ការពារទិន្នន័យឯកជន៖ ប្រុងប្រយ័ត្នរាល់ការបង្ហោះវីដេអូ ឬសំឡេងជាសាធារណៈ ដែលជនខិលខូចអាចប្រើប្រាស់ ដើម្បីធ្វើជាគំរូសម្រាប់ក្លែងបន្លំសម្លេង។
សរុបមក Deepfake គឺជាដាវមុខពីរ។ វានាំមកនូវការច្នៃប្រឌិតថ្មីក្នុងវិស័យកម្សាន្ត ប៉ុន្តែក៏ជាឧបករណ៍ដ៏គ្រោះថ្នាក់សម្រាប់ការបោកប្រាស់ដែលយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

