ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហ និងល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅឃុំជប់ ស្រុកត្បូងឃ្មុំ និងបន្តស្រាវជ្រាវនៅស្រុកអូររាំងឪ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់សរុប ៨នាក់ ក្នុងនោះមានស្ត្រី ១នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំនគរបាលខេត្តត្បូងឃ្មុំ ដោយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះម្នាក់រកឃើញថ្នាំញៀន ១កញ្ចប់លាក់ទុកក្នុងហោប៉ៅ និងម្នាក់ទៀតមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន។

បន្ទាប់ពីទទួលបានចម្លើយសារភាព និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងមួយនៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូររាំងឪ ដោយឃាត់ខ្លួនជនសង្ស័យបន្ថែម ៦នាក់ ក្នុងនោះមានស្ត្រី ១នាក់។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់ កាំភ្លើងកែឆ្នៃ ៣ដើម កាំបិត និងដាវចំនួន ៤ដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទ÷ អាចារ្យលាក់

Share.