អ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុបានរួមគ្នាជំរុញនិងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសអ្នកផ្ដល់ និងអ្នកប្រើប្រាស់ឥណទាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព ចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីចៀសវាងការខ្ចីបុលច្រើនលើសលុបហួសពីលទ្ធភាពបង់សង នៅក្នុងវេទិកាពិភាក្សាមួយដែលមានអ្នកសារព័ត៌មានចូលរួមជិត ១០០នាក់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ត្រូវបានអ្នកជំនាញលើកយកមកជជែកពិភាក្សាក្នុងវេទិកាមួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០Working (២០២៦) កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ១០០នាក់។ វេទិកានេះធ្វើឡើងក្នុងបំណងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសភាគីពាក់ព័ន្ធទាំងម្ចាស់បំណុល និងកូនបំណុល បានយល់ដឹងអំពីការប្រើប្រាស់ឥណទានឱ្យបានត្រឹមត្រូវ ចំគោលដៅ និងមានប្រសិទ្ធភាព ចៀសវាងការខ្ចីបុលច្រើនលើសលុប ហួសពីលទ្ធភាពបង់សងត្រឡប់វិញ។

វេទិកានេះមានវាគ្មិនមកពីស្ថាប័នជំនាញដូចជា ធនាគារជាតិនៃកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) និងសមាគមធនាគារនៅកម្ពុជា ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ផងដែរ។

នៅក្នុងវេទិកានោះ លោកស្រី ម៉ក់ រស្មី អគ្គនាយិការងនៃអគ្គនាយកដ្ឋានបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានលើកឡើងអំពីការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដែលភាគីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវអនុវត្តជាចាំបាច់។

  • ទី១៖ ត្រូវវាយតម្លៃអតិថិជនប្រកបដោយតម្លាភាព ដែលមានន័យថា ភាគីអ្នកផ្តល់ឥណទានត្រូវសិក្សាអំពីគោលដៅរបស់អ្នកស្នើឥណទាន។
  • ទី២៖ ត្រូវវាយតម្លៃពីលទ្ធភាពនៃការបង់សងត្រឡប់មកវិញ ដោយវិភាគលើចំណូលរបស់អ្នកស្នើឥណទានថា តើចំណូលរបស់គាត់មានស្ថិរភាពដែរឬទេ? ហើយទំហំនៃការបង់សងត្រឡប់ទៅវិញ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់ដែរឬទេ?
  • ទី៣៖ ត្រូវមានតម្លាភាព ពោលគឺរាល់លក្ខខណ្ឌ ខសន្យា និងកាតព្វកិច្ចនានាដែលត្រូវចងភ្ជាប់នៅពេលផ្តល់ និងទទួលឥណទាន ត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់រវាងអ្នកផ្តល់ និងអ្នកស្នើ។
  • ចំណែកឯទី៤៖ អ្នកផ្តល់ឥណទាន ត្រូវតាមដានឥណទានរបស់ខ្លួនបន្ទាប់ពីផ្តល់ជូនអតិថិជនរួច ដើម្បីធានាថាឥណទាននោះត្រូវបានប្រើប្រាស់ចំគោលដៅ ឬក៏ត្រូវបានបង្វែរទៅគោលដៅផ្សេង។

ជាមួយគ្នានេះ អ្នកផ្តល់ឥណទានក៏ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់អតិថិជនផងដែរក្នុងករណីពួកគាត់ជួបបញ្ហា។ លោកស្រីបានលើកជាឧទាហរណ៍ថា៖ ប្រសិនបើ «សុខ» ទទួលបានឥណទានពីធនាគារ «ក» ដើម្បីបើកកសិដ្ឋានចិញ្ចឹមជ្រូក ប៉ុន្តែស្ថានភាពទីផ្សារជ្រូកអំឡុងពេលនោះមិនអំណោយផល ធ្វើឱ្យ «សុខ» ខាតបង់ដើមទុន តើធនាគារគួរជួយសម្របសម្រួលដល់សុខដោយរបៀបណា?

ចំពោះអ្នកស្នើ ឬអ្នកប្រើប្រាស់ឥណទាន (អ្នកខ្ចី) វិញ លោក តូច ចៅចេក ប្រធានគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានផ្តល់យោបល់ថា ដើម្បីប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ ត្រូវតែមានគោលដៅច្បាស់លាស់ និងផែនការត្រឹមត្រូវ ដែលធានាថាឥណទាននោះនឹងផ្តល់ប្រយោជន៍ពិតប្រាកដ មិនមែនជាបន្ទុក។ នៅពេលមានបំណងចង់ស្នើឥណទាន គួរពិភាក្សាជាមួយភ្នាក់ងារផ្តល់ឥណទានស្របច្បាប់ ដើម្បីឱ្យគេរៀបចំកញ្ចប់ឥណទានត្រឹមត្រូវតាមគោលដៅប្រើប្រាស់ ឧទាហរណ៍៖ កម្ចីទិញផ្ទះ ទិញរថយន្ត ឬកម្ចីអាជីវកម្មជាដើម។ ជាមួយគ្នានេះ ត្រូវវិភាគលើប្រភពចំណូល ទំហំចំណូល និងចំណាយរបស់ខ្លួនឯងថា តើអាចបង់សងបានទៀងទាត់ដែរឬទេ? លោកបានលើកទឹកចិត្តថា នៅពេលដែលឥណទានមានបញ្ហា ឬមើលឃើញសញ្ញាណនៃបញ្ហាមុន ត្រូវប្រឹក្សាជាមួយអ្នកផ្តល់ឥណទាន (ម្ចាស់បំណុល) ឱ្យបានទាន់សភាពការណ៍ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ លោក តូច ចៅចេក ក៏បានរំលេចផងដែរថា ករណីដែលឥណទានត្រូវបានប្រើប្រាស់មិនចំគោលដៅ និងនាំឱ្យមានហានិភ័យ ម្ចាស់ឥណទានមានសិទ្ធិដកយកមកវិញភ្លាមៗមុនពេលកំណត់។

ចំណែក លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិការិយាល័យឥណទានកម្ពុជា (CBC) បានលើកឡើងថា បំណុលឥណទានពុំមែនជារឿងអវិជ្ជមាននោះទេ ព្រោះបើគ្មានឥណទានទេ សង្គមក៏មិនអាចអភិវឌ្ឍបានលឿនដែរ។ លោកលើកទឹកចិត្តថា គួរតែប្រើប្រាស់ឥណទានប្រសិនបើមានតម្រូវការចាំបាច់ ប៉ុន្តែត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវ ចំគោលដៅ ដើម្បីបង្កើនកម្រិតជីវភាព និងពង្រីកអាជីវកម្មជាដើម។ ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ គឺជាការកសាងកេរ្តិ៍ឈ្មោះល្អក្នុងប្រវត្តិឥណទានរបស់បុគ្គល (Credit Score) ដែលវានឹងជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលស្នើឥណទាននាពេលខាងមុខ ហើយថែមទាំងអាចទទួលបានលក្ខខណ្ឌពិសេសៗមួយចំនួនពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតផង។

សូមជម្រាបថា វេទិកាពិភាក្សា ស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ» នេះ សហការរៀបចំឡើងដោយការិយាល័យឥណទានកម្ពុជា (CBC) និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC, លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ CBC, និងលោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានចំនួន ៨៦នាក់ មកពីស្ថាប័ន និងអង្គភាពផ្សេងៗគ្នាចំនួន ៦៦ស្ថាប័ន៕

Share.