ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យជម្រុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកផ្គត់ផ្គង់ដល់រោងចក្រផលិតកង់ឡាន ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងបង្កើនតម្លៃបន្ថែមជូនប្រជាកសិករ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅក្នុងពិធី «សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ។
នៅក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ រោងចក្រផលិតកង់ឡាននៅក្នុងប្រទេសកម្ពុជាបាននាំចូលវត្ថុធាតុដើមកៅស៊ូពីប្រទេសថៃរហូតដល់ប្រមាណ ៣០% ដើម្បីបំពេញតម្រូវការខ្សែច្រវាក់ផលិតកម្ម ខណៈដែលកៅស៊ូដែលផលិតបាននៅក្នុងស្រុក បែរជានាំចេញទៅក្រៅប្រទេសតាមច្រកផ្សេងៗទៅវិញ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖ «របស់នៅក្នុងប្រទេសមានហើយ ចាំបាច់ទៅដឹកដល់ទៅរាប់រយគីឡូម៉ែត្រមកធ្វើស្អី។ ហើយយករបស់ក្នុងប្រទេសរុញទៅក្រៅតែម្ដង»។ ទោះជាយ៉ាងណា សម្តេចបានទទួលស្គាល់ថា កៅស៊ូខ្លះមានកម្រិតស្តង់ដារខុសគ្នា ដែលប្រភេទខ្លះជាកៅស៊ូកម្រិតខ្ពស់ (ដូចជាប្រភេទ L) គឺត្រូវនាំចេញ ហើយប្រភេទមួយចំនួនទៀត គឺត្រូវរៀបចំសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកង់ឡាន។

ប្រមុខរាជរដ្ឋាភិបាលបានរំលឹកផងដែរថា កាលពីឆ្នាំ២០២៣-២០២៤ សម្តេចបានណែនាំឱ្យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តម ស៊ុន ចាន់ថុល សិក្សាស្រាវជ្រាវរួមគ្នាជាមួយសហគមន៍ផលិតកៅស៊ូ និងក្រុមហ៊ុនផលិតកង់ឡាន ដើម្បីស្វែងរកយន្តការលើកទឹកចិត្ត និងតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍អ្នកផលិត និងរោងចក្រ។
ជាលទ្ធផល ផ្អែកតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម ស៊ុន ចាន់ថុល ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ អត្រានៃការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកសម្រាប់ផលិតផលនាំចេញ មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

មុននឹងបញ្ចប់ អនុសាសន៍ដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា កៅស៊ូគឺជាដំណាំយុទ្ធសាស្ត្រមួយដ៏សំខាន់ ប៉ុន្តែកម្ពុជានៅមានដំណាំយុទ្ធសាស្ត្រជាច្រើនទៀត។ ក្នុងន័យនេះ សម្តេចបានណែនាំឱ្យក្រសួងសំខាន់ៗចំនួន៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម ត្រូវតែសហការនិងគិតគូររួមគ្នា ដើម្បីធ្វើយ៉ាងណាជម្រុញ «ផលិតភាព» និង «តម្លៃបន្ថែម» ក្នុងស្រុក ឱ្យធ្លាក់ទៅដល់ដៃរបស់ប្រជាកសិករខ្មែរផ្ទាល់តែម្តង។
ការដាក់ចេញនូវទិសដៅនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការនាំចូលពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាការបើកទំព័រថ្មីមួយក្នុងការបង្កើតឯករាជ្យភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទៃក្នុង និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិប្រកបដោយចីរភាពផងដែរ៕

