ក្រុមកីឡាបាល់បោះអង្គុយជនពិការកម្ពុជា ទាំងក្រុមបុរស និងក្រុមនារី សម្រេចសមិទ្ធផលថ្មីជូនជូនជាតិ តាមរយៈការឈ្នះមេដាយមាសទាំងវិញ្ញាសាបុរស និងវិញ្ញាសានារី ដែលជាការការពារម្ចាស់តំណែងជើងឯក នៅក្នុងការប្រកួត​កីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មាធិការបាល់បោះអង្គុយជនពិការពិភពលោក បានគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីនៃការឈ្នះមេដាយមាសជាលើកទី២ ក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦ ក្រោយឈ្នះមេដាយមាសដូចគ្នា ទាំងបុរស និងនារី កាលជើងឯកអាស៊ី លើកទី១ ក្នុងខែមីនា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះ​យើងយោងតាមប្រសាសន៍របស់​ឯកឧត្តម យី វាសនា ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនាមប្រតិភូដឹកនាំ ឯកឧត្តម យី វាសនា អគ្គលេខាធិការ អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អគ្គលេខាធិការរង និងកីឡាករ កីឡាការិនីកម្ពុជា សរុប ៣២នាក់បានបង្ហាញក្តីរីករាយ មោទនភាពជាតិ ដែលបានឈ្នះមេដាយមាសទាំងពីរវិញ្ញាសាជូនជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលអនុញ្ញាត និងផ្តល់ការគាំទ្រដល់ប្រតិភូកីឡា​ប៉ារ៉ា​ឡាំពិកកម្ពុជាបានចូលរួមប្រកួតក្នុងខ្នាតអាស៊ី នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ផ្នែកបុរស ក្រុមកម្ពុជាបានយកឈ្នះក្រុមស្រីលង្កា ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-១១, ២១-១៤ និង ២១-០៥ ខណៈផ្នែកនារី ក្រុមកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-១០, ២១-១៧ និង ២១-១៣៕

រូបភាព៖ ប្រតិភូកីឡាជនពិការកម្ពុជា

Share.