ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ១៨នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់បង្កប់នៃបទល្មើស Online scams មួយកន្លែង ដែលស្ថិតនៅក្នុងវីឡាមួយលើផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ធ្វើឡើងនៅវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។។

ដោយឡែក សមត្ថកិច្ចឃាត់ខ្លួនមនុស្សសរុប ១៨នាក់ក្នុងនោះ ជនជាតិវៀតណាម ១៣នាក់ (ស្រីម្នាក់) ជនជាតិខ្មែរ ៥នាក់ (ស្រី ២នាក់)។ សមត្ថកិច្ចប្រមូលបានវត្ថុតាងដូចជា កុំព្យូទ័រ ១៥៣គ្រឿង ទូរស័ព្ទដៃ ៣៩គ្រឿង និងកាំភ្លើងម៉ាក K59 ចំនួន ១ដើម (គ្មានគ្រាប់)។

ក្រោយពីសាកសួររួច សមត្ថកិច្ចបានសម្រេចចាត់វិធានការបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Share.