ឈុនបុរី៖ ស្ថានភាពសន្តិសុខសង្គម និងសុវត្ថិភាពសាធារណៈនៅក្នុងប្រទេសថៃ កំពុងតែដាំក្បាលចុះគួរឱ្យកត់សម្គាល់ និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ស្រទាប់មហាជន បន្ទាប់ពីធ្លាយករណីក្រុមពលករអន្តោប្រវេសន៍ខុសច្បាប់ ធ្វើសកម្មភាពប្លន់យ៉ាងគឃ្លើនបំផុត ដោយមិនខ្លាចញញើតច្បាប់ទម្លាប់របស់ប្រទេសម្ចាស់ផ្ទះសូម្បីតែបន្តិច។ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរប៉ូលិសថៃទើបតែបានតាមឃាត់ខ្លួនសមាជិកក្រុមក្មេងទំនើងជនជាតិមីយ៉ាន់ម៉ាចំនួន ៤នាក់ ដែលបានបង្កើតបក្សពួក វាយដំ និងចាប់ចងសន្តិសុខយាមការដ្ឋានសំណង់មួយកន្លែង រួចធ្វើសកម្មភាពប្លន់យកខ្សែភ្លើងអស់តម្លៃប្រហែល ៦០០,០០០បាត (ស្មើនឹង ១៨,២៧៥ដុល្លារអាមេរិក) នៅក្នុងស្រុក Ban Bueng ខេត្តឈុនបុរី។

ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅចន្លោះម៉ោង ០១:២៣ ដល់ ០២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា។ ផ្អែកតាមរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាព (CCTV) បានបង្ហាញពីទិដ្ឋភាពដ៏ព្រៃផ្សៃ ដែលបង្ហាញឱ្យឃើញពីការធូររលុងនៃប្រព័ន្ធការពារសន្តិសុខ ដោយមានក្រុមក្មេងទំនើងបរទេសរហូតដល់ទៅជាង ១០នាក់ បានលើកគ្នាមកឡោមព័ទ្ធរថយន្ត រួចស្ទុះទៅវាយ និងចាប់ចងដៃជើងសន្តិសុខម្នាក់ បន្ទាប់មកក៏នាំគ្នាជញ្ជូនខ្សែភ្លើងថ្មីៗជាច្រើន ដាក់លើរថយន្ដភីកអាប់រហូតដល់ទៅ ២គ្រឿង បើកចាកចេញទៅដោយស្រួលៗ ហាក់បីដូចជាគ្មានវត្តមានអាជ្ញាធរយាមល្បាតតាមដងផ្លូវទាល់តែសោះ។


ករណីនេះបានចោទជាសំណួរខ្វាត់ខ្វែង និងជាការរិះគន់យ៉ាងចាស់ដៃទៅលើចំណាត់ការ ក៏ដូចជាវិធានការគ្រប់គ្រងពលករចំណាកស្រុករបស់រាជរដ្ឋាភិបាល និងអាជ្ញាធរថៃ ដែលហាក់បីដូចជា មានភាពធូររលុង បណ្តោយឱ្យជនបរទេសអាចមកប្រមូលផ្តុំគ្នា បង្កើតជាក្រុមម៉ាហ្វៀ សម្ងំសន្សំអាវុធ និងដើរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងកណ្តាលក្រុង យ៉ាងអនាធិបតេយ្យបែបនេះ។
ក្រោយការលបលួចប្លន់បានសម្រេច អាជ្ញាធរទើបតែភ្ញាក់ខ្លួនផ្អើលឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ រហូតដល់ថ្ងៃទី៦ ខែមិថុនា វេលាម៉ោងប្រហែល ១៧:៣០នាទី ទើបឈានទៅដល់ការស្ទាក់ចាប់រថយន្តម៉ាក Isuzu ពណ៌ប្រផេះមួយគ្រឿង នៅខេត្តរ៉ាយ៉ង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ ៣៤ឆ្នាំ រួមជាមួយមិត្តស្រី និងប្អូនស្រី។ តាមរយៈការសួរចម្លើយ អាជ្ញាធរក៏បានបន្តទៅក្របួចកបក្ខពួក ៣នាក់បន្ថែមទៀត ដែលពួកគេបានឆ្លើយសារភាពថា ពិតជាបានចូលរួមនៅក្នុងការប្លន់នោះមែន។ ទោះជាយ៉ាងណា អ្វីដែលជាការកត់សម្គាល់ និងជាចំណុចអសន្តិសុខដ៏ធំគឺ សមាជិកក្រុមដែលនៅសេសសល់ជាច្រើននាក់ទៀត រួមទាំងមេខ្លោងធំដែលគេស្គាល់ឈ្មោះត្រឹម Maung គឺកំពុងតែមានសេរីភាព រត់គេចខ្លួន និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាបន្តទៀត។

បញ្ហានេះស្តែងឱ្យឃើញពីភាពទន់ខ្សោយនៃប្រព័ន្ធសន្តិសុខតាមតំបន់របស់ថៃបន្ថែមទៀតនោះគឺ បើតាមការបញ្ជាក់ពីមេបញ្ជាការប៉ុស្តិ៍ប៉ូលិស Ban Bueng បានឱ្យដឹងថា ក្រុមក្មេងទំនើងជនបរទេសដុះស្លែមួយក្រុមនេះ ធ្លាប់បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធកាំបិតស្រដៀងគ្នានេះជាច្រើនលើករួចមកហើយ នៅក្នុងតំបន់ Khlong Kio, Nong Yai, និង Pluak Daeng។ ការណ៍នេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យ និងរិះគន់ចំៗថា បើក្រុមចោរទាំងនេះធ្លាប់ធ្វើសកម្មភាពឆ្លងខេត្តជាច្រើនដងទៅហើយ ចុះហេតុអ្វីបានជាអាជ្ញាធរថៃគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបឱ្យបានទាន់ពេលវេលា? បណ្តោយឱ្យពួកគេដើរធ្វើសកម្មភាពបង្កការភ័យខ្លាច និងបំផ្លិចបំផ្លាញទំនុកចិត្តរបស់អាជីវករ និងប្រជាពលរដ្ឋម្ចាស់ស្រុកតាមចិត្តចង់បែបនេះទៅវិញ៕

