ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេរភាគីដ៏មានសារៈសំខាន់។

ឯកសារដែលត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រមុខរដ្ឋាភិបាលទាំងពីរនោះ គឺ «ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ ២០២៦-២០៣០» រវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ផែនការសហប្រតិបត្តិការរយៈពេល ៥ឆ្នាំនេះ គឺជាជំហានថ្មីមួយក្នុងការរឹតចំណងមិត្តភាព ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលអភិវឌ្ឍន៍ទៅវិញទៅមក និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

https://troryorng.com/
Share.